កម្ពុជាបានឈរនៅលើកំពូលតារាងសន្ទស្សន៍ពិភពលោកនាពេលថ្មីៗនេះដែលបោះពុម្ពផ្សាយដោយសារព័ត៌មាន fDi Intelligence ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនល្អបំផុតទូទាំងពិភពលោកសម្រាប់ការវិនិយោគបរទេសក្នុងឆ្នាំ២០២៤។
កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខមួយក្នុងសន្ទស្សន៍ឆ្នាំ២០២៤ ដោយសារកំណើនដ៏រឹងមាំរបស់ផលិតផលក្នុងស្រុកសរុប អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស (FDI)។
fDi Intelligence ក៏ពិចារណាលើកត្តាដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការលើកទឹកចិត្តគោលនយោបាយសម្រាប់អ្នកវិនិយោគ និងសមត្ថភាពរួមនៃទីក្រុង និងតំបន់ក្នុងការទាក់ទាញការវិនិយោគពាណិជ្ជកម្មក្នុងពេលអនាគត។
fDi Intelligence បានស្ទង់មតិក្នុងតំបន់រួមមានអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកខាងជើង អាមេរិកឡាទីន និងការាបៀន មជ្ឈិមបូព៌ា និងអាហ្វ្រិក និងក្រុមប្រទេស BRICs (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន) ។
យោងតាមរបាយការណ៍ កម្ពុជានឹងសម្រេចបានGDP ៦,១ ភាគរយនៅឆ្នាំនេះ ជាមួយនឹងអត្រាអតិផរណាទាបត្រឹមតែ៣ ភាគរយប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ កម្ពុជាបានមើលឃើញថាមានការកើនឡើង ៣៩៣ ភាគរយនៃការចំណាយមូលធន FDI ក្នុងប្រទេស និងកំណើន ១១០ ភាគរយនៅក្នុងគម្រោង FDI ថ្មី។ របាយការណ៍ក៏បានកំណត់អំពីគោលនយោបាយរបស់ប្រទេសលើការវិនិយោគបរទេសដែលបានជំរុញកំណើននៃ FDI ។
យោងតាមរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយអំណោយផលជាច្រើន ដើម្បីសម្រួលដល់ការចាប់ផ្តើមធ្វើអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ហើយជាទូទៅផ្តល់នូវលក្ខខណ្ឌសមរម្យសម្រាប់អ្នកវិនិយោគឯកជន។
ទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជាក៏ត្រូវបានកត់សម្គាល់ផងដែរថាជាផ្នែកទាក់ទាញនៃទីផ្សារ និងមានសន្ទុះឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ដោយរំពឹងថានឹងបន្តមានសន្ទុះទៅមុខទៀត។
នៅឆ្នាំ២០២៣ ភ្ញៀវទេសចរបានកើនឡើងដល់ ៥ លាននាក់ ហើយមានតែប្រហែល ២០ភាគរយប៉ុណ្ណោះមុនមានជំងឺរាតត្បាត។ ដូច្នេះ វិស័យទេសចរណ៍រួមចំណែកប្រហែល១០ ភាគរយនៃ GDP ហើយរំពឹងថានឹងបន្តកំណើនរបស់ខ្លួននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
fDi Intelligence ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ២០១៩ ជាសញ្ញាល្អដែលថាសេដ្ឋកិច្ចកំពុងកាត់បន្ថយការពឹងផ្អែកខ្លាំងលើវិស័យពាណិជ្ជកម្មប្រពៃណី រួមមានការនាំចេញសម្លៀកបំពាក់ និងស្បែកជើង។
របាយការណ៍នេះបានកត់សម្គាល់ថាការនាំចេញមិនមែនសម្លៀកបំពាក់មានចំនួន១៣ ភាគរយនៃការនាំចេញទាំងអស់គិតត្រឹមឆ្នាំ២០២៣ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិច និងការផលិតគ្រឿងបន្លាស់រថយន្ត។បើប្រៀបធៀបទៅនឹងរយៈពេលមុន ផលិតផលដែលមិនមែនជាប្រពៃណីមានត្រឹមតែ៥ ភាគរយនៃការនាំចេញក្នុងឆ្នាំ២០១៩។
របាយការណ៍បានកត់សម្គាល់ថា ការធ្វើពិពិធកម្មបែបនេះបង្កើនភាពធន់របស់សេដ្ឋកិច្ចដែលបណ្តាលមកពីការផ្លាស់ប្តូរតម្រូវការសកល និងធ្វើអោយប្រសើរឡើងនូវសក្តានុពលទីផ្សារសម្រាប់ការវិនិយោគថ្មីៗ។ ទន្ទឹមនឹងនេះផងដែរ សន្ទស្សន៍នេះបានកត់សម្គាល់ថាសេដ្ឋកិច្ចកម្ពុជាបង្ហាញពីហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមាននាពេលខាងមុខ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ។
របាយការណ៍បានបន្តថា ប្រសិនបើវិស័យនេះបាត់បង់សន្ទុះ ផលប៉ះពាល់អាចកើតមានឡើងលើវិស័យធនាគារ និងសេដ្ឋកិច្ចទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើពិពិធកម្មនៃនៃការវិនិយោគដើមទុនគួរតែអាចកាត់បន្ថយហានិភ័យទាំងនេះ។
កត្តាទាំងនេះបង្ហាញថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគក្នុងឆ្នាំ២០២៤ និងឆ្នាំខាងមុខ ហើយជាទីផ្សារដែលកំពុងរីកចម្រើនឈានមុខគេ។
ដោយឈរនៅលេខរៀងទី២ ប្រទេសហ្វីលីពីនបានបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៥,៩ ភាគរយ ជាមួយនឹងការកើនឡើងចំនួន ៣១២ ភាគរយនៃការចំណាយមូលធនលើ FDI ។
ទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀតនៅក្នុងបញ្ជីកំពូលទាំងដប់របស់សន្ទស្សន៍ រួមមាន កេនយ៉ា អ៊ីរ៉ាក់ ណាមីប៊ី កាហ្សាក់ស្ថាន អាហ្សែបៃហ្សង់ ម៉ារ៉ុក ស៊ែប៊ី និងឥណ្ឌា។
បង្កើតឡើងក្នុងឆ្នាំ ២០០១ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស fDi Intelligence បោះពុម្ពផ្សាយព័ត៌មានអាជីវកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្តល់នូវព័ត៌មានទាន់ហេតុការនៃសកម្មភាពវិនិយោគសកល។