តើសេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចចិនមានសុខភាពដូចម្តេចគិតមកទល់ពេលនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសចិនមានសារៈសំខាន់ខ្លាំង ខណៈប្រទេសទាំង២នេះ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ១ និងលេខ២។ សហរដ្ឋអាមេរិក និងចិនមានដៃគូពាណិជ្ជកម្មជុំវិញពិភពលោក ដែលធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចមានភាពប្រទាក់ក្រឡាគ្នា។

ទី១: សហរដ្ឋអាមេរិក

កាលពីត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ០,៣ភាគរយ បន្ទាប់ពីសម្រេចបានកំណើន២,៤ភាគរយកាលពីត្រីមាសទី៤ ឆ្នាំមុន។

ធនាគារកណ្តាលអាមេរិកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៥ ពី១,៧ភាគរយមកនៅត្រឹម១,៤ភាគរយ និងកំណើនក្នុងរង្វង់១,៦ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

អត្រាអតិផរណានៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ស្នូលកំពុងស្ថិតក្នុងរង្វង់ចន្លោះពី៣ភាគរយទៅ៣,១ភាគរយសម្រាប់ឆ្នាំ២០២៥នេះ ដែលលើសពីគោលដៅ២ភាគរយរបស់ធនាគារ Fed ។ អត្រាអតិផរណាតម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើងដល់ចន្លោះពី២,៤ភាគរយទៅ២,៨ភាគរយ ដោយសារពន្ធគយ និងតម្លៃថាមពល។

អត្រាភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានស្ថិតក្នុងរង្វង់៤,២ភាគរយកាលពីខែឧសភា ដោយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤,៥ភាគរយ នៅចុងឆ្នាំ២០២៥។នេះបើយោងតាមធនាគារ Fed។

ធនាគារកណ្តាលអាមេរិកបានបន្តរក្សាអត្រាការប្រាក់ឱ្យនៅថេរចន្លោះពី៤,២៥ភាគរយទៅ៤,៥ភាគរយនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ។ ការ​ព្យាករ​ណ៍បង្ហាញ​ថា ធនាគារនេះនឹងអាចកាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​២លើកនៅ​ក្នុង​ឆ្នាំ២០២៥។

កំណើនសេដ្ឋកិច្ចអាមេរិកប្រឈមភាពងាយរងគ្រោះទៅនឹងអត្រាពន្ធគយ កង្វល់ភូមិសាស្ត្រនយោបាយ អត្រាអតិផរណាខ្ពស់ និងភាពមិនច្បាស់លាស់របស់បណ្តាក្រុមហ៊ុនសាជីវកម្មនានា។

ក្រុមសេដ្ឋវិទូបានព្រមានថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចស្ថិតនៅទ្រឹង រួមជាមួយនឹងអត្រាអតិផរណា ដែលនៅតែមានកម្រិតខ្ពស់។

ជនាគារកណ្តាលអាមេរិកកំពុងរង់ចាំសញ្ញាច្បាស់លាស់មុនពេលបន្ធូរបន្ថយអត្រាការប្រាក់ ដោយអាចចាប់ផ្តើមនៅខែកញ្ញា ប្រសិនបើអតិផរណាថយចុះ ដោយមិនបង្កផលប៉ះពាល់ដល់ទីផ្សារការងារ។

ទី២: ប្រទេសចិន

នៅត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយការនាំចេញ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការឧបត្ថម្ភធនគាំទ្រដល់ការទិញទំនិញ ដែលអាចប្រើប្រាស់បានរយៈពេលយូរ។

ទោះជាយ៉ាងណា ការប្រើប្រាស់ឯកជននៅមិនទាន់មានភាពរឹងមាំ ដោយបន្តមានកម្រិតទាបជាងមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ដោយសារអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន។

អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចិននឹងថយចុះសន្សឹមៗពីអត្រា៤,៧ភាគរយក្នុងឆ្នាំ២០២៥ មកនៅត្រឹម៤,៣ភាគរយនៅឆ្នាំ២០២៦។

សូចនាករអតិផរណានានា ដូចជា តម្លៃទំនិញប្រើប្រាស់នៅតែមានកម្រិតទាប និងអាចធ្លាក់ចុះដល់បន្ទាត់អវិជ្ជមាន។ការណ៍នេះបង្ហាញថា ប្រទេសចិននៅតែប្រឈមមុខនឹងវិបត្តិបរិត្តផរណា។

កាលពីខែឧសភា ទិន្នផលឧស្សាហកម្មនៅប្រទេសចិនបានកើនឡើង៥,៨ភាគរយ ថយចុះបើធៀបនឹងកំណើន៦,១ភាគរយនៅខែមេសា។ ចំណែក ការលក់រាយបានកើនឡើង៦,៤ភាគរយធៀបនឹងខែឧសភា ឆ្នាំ២០២៤ ដែលត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន។

យោងតាមការស្ទង់មតិជាផ្លូវការបានបង្ហាញថា អត្រាភាពអត់ការងារធ្វើក្នុងទីក្រុងបានបានធ្លាក់ចុះដល់៥ភាគរយ កាលពីខែឧសភា ឆ្នាំ២០២៥ ធៀបនឹងអត្រា៥,១ភាគរយក្នុងខែមេសា។

វិបត្តិក្នុងវិស័យ​អចលន​ទ្រព្យ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​តូចៗ​នៅ​តែ​បន្តអូស​ទាញមិនឱ្យកំណើនសេដ្ឋកិច្ចចិនអាចស្ទុះទៅមុខលឿន។

ជាមួយគ្នានេះ ការសន្សំសំចៃខ្ពស់ កំណើនចំនួនប្រជាជនវ័យចំណាស់ និងកំណែទម្រង់នៅមានកម្រិត អាចជះផលប៉ះពាល់កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង។ គោលនយោបាយពន្ធ​គយ​របស់​សហរដ្ឋ​អាមេរិក​ក៏អាច​នឹង​ជះឥទ្ធិពលលើ​ការ​នាំ​ចេញ​ទំនិញចិនផងដែរ។

ជារួម កំណើនសេដ្ឋកិច្ចចិននៅតែមានភាពរឹងមាំ ដោយសារមានវិធានការជំរុញពីរដ្ឋាភិបាល និងការនាំចេញ។ ប៉ុន្តែការប្រើប្រាស់ឯកជននៅមានសភាពយឺតយ៉ាវ។ វិស័យអចលនទ្រព្យស្ថិតនៅក្រោមភាពតានតឹង ហើយបញ្ហារចនាសម្ព័ន្ធរយៈពេលវែងធ្វើឱ្យសេដ្ឋកិច្ចចិនដើរយឺត៕

LEAVE A REPLY

Please enter your comment!
Please enter your name here