ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកជំទាវចម និម្មលបានជម្រុញឲ្យអ្នកធុរកិច្ចកម្ពុជា កូរ៉េធ្វើការរួមគ្នា ដើម្បីលើកកំពស់ពាណិជ្ជកម្ម និងការជម្រុញអ្នកធុរកិច្ចកូរ៉េមកវិនិយោគនៅមកម្ពុជា។
លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “Mini-Korea Brand & Entertainment Expo (KBEE)២០២៥នៅរាជធានីភ្នំពេញ។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីលោក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំកម្ពុជា ឧកញ៉ា គួច ផេង អនុប្រធានសហពាណិជ្ជកម្មកម្ពុជា លោក Koo Bonkyung អគ្គនាយកតំបន់សម្រាប់ទ្វីបអាស៊ីអាគ្នេយ៍និងអូសេអានី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ព្រមទាំងមន្រ្តីពាក់ព័ន្ឋ។
លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង បានយ៉ាងល្អប្រសើរ ប្រកបដោយភាពចម្រុះ រស់រវើក និងសម្បូរបែប ព្រមទាំងបានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។
លោកជំទាវរដ្ឋមន្ត្រីបានបន្តថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាផ្នែកមួយក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ការផ្លាស់ប្តូរប្រពៃណី វប្បធម៌ ក្នុងស្មារតីលើកកម្ពស់មិត្តភាព ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។
លើសពីនេះ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នា លើផ្នែកពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរដូចជា ទី១- បន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្ម ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។
ទី២- បន្តលើកទឹកចិត្តឱ្យវិស័យឯកជន នៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានា ទៅតាមកាលវិភាគនីមួយៗឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
ទី៣- បន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារ ជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយ ក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធីRoadshow សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា ជំនួបផ្គូរផ្គងធុរកិច្ច និងកម្មវិធីតាំងពិព័រណ៍រួមគ្នាជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាព ក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕