ក្រុមហ៊ុនApple ប្រកាសលក់បញ្ចុះតម្លៃចំនួនជាង៣០០ដុល្លារសម្រាប់ម៉ូដែលទូរស័ព្ទiPhone នៅប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនយក្ស Apple បានចាប់ផ្តើមយុទ្ធនាការមួយនៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅក្នុងប្រទេសចិន ដោយផ្តល់ ជូននូវការបញ្ចុះតម្លៃចំនួន២.៣០០យ័ន (៣១៨ដុល្លារ) លើការលក់ម៉ូដែលទូរស័ព្ទ iPhone មួយចំនួន។

ការបញ្ចុះតម្លៃនេះធ្វើឡើង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងខិតខំការពារចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនApple ប្រ​ឈ​មនឹងការប្រកួតប្រជែងកាន់តែខ្លាំង ពីដៃគូប្រជែងដ៏ធំក្នុងស្រុកដូចជា ក្រុមហ៊ុន Huawei ជាដើម។

យុទ្ធនាការថ្មីនេះ ចាប់ផ្តើមដំណើរការពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple ធ្លាប់បានប្រើប្រាស់យុទ្ធសាស្ត្របែបនេះ កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែកាលនោះ ក្រុមហ៊ុន បានបញ្ចុះតម្លៃត្រឹម១.១៥០យ័នតែប៉ុណ្ណោះ។ការបញ្ចុះតម្លៃក្នុងអត្រាដ៏ខ្ពស់បំផុតនេះ អនុវត្តន៍ចំពោះម៉ូដែលទូរស័ព្ទ iPhone 15 Pro Max 1TB ខណៈម៉ូដែលផ្សេងទៀតក៏ទទួលបានការបញ្ចុះតម្លៃគួរឱ្យកត់សម្គាល់ផងដែរ។

សម្ពាធនៃការប្រកួតប្រជែង បានធ្លាក់មកលើក្រុមហ៊ុន Apple កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុមហ៊ុន Huawei កាលពីខែមេសា បានដាក់ចេញស្មាតហ្វូនស៊េរីខ្ពស់របស់ខ្លួន ដែលមានឈ្មោះថា Pura 70 បន្ទាប់ពីបានចេញលក់សេរ៊ីទូរស័ព្ទMate60 កាលពីខែសីហា ឆ្នាំមុន។

យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងផ្នែកយុទ្ធសាស្ត្រ លក់បញ្ចុះតម្លៃពីមុនរបស់ក្រុមហ៊ុនApple នៅក្នុងខែកុម្ភៈ ក៏ហាក់ដូចជាបានជួយដល់ក្រុមហ៊ុនអាមេរិកមួយនេះ ក្នុងការកាត់បន្ថយការធ្លាក់ចុះនៃការលក់ទូរស័ព្ទរបស់ខ្លួន នៅក្នុងប្រទេសចិនផងដែរ។

ជាក់ស្តែង ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង១២% នៅក្នុងខែមីនា បន្ទាប់ពីដាំក្បាលចុះ៣៧%ក្នុង  រយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន(CAICT)៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here