ហ្វីលីពីនប្រកាសមហិច្ឆិតាប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដឹកជញ្ជូននៅតំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានថ្លែងថា ប្រទេសហ្វីលីពីនមានគោលដៅ ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដឹកជញ្ជូននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

ការថ្លែងបែបនេះ របស់លោកប្រធានាធិបតីMarcos បានធ្វើឡើង ស្របពេលដែលទីក្រុងម៉ានីល កំពុងព្យាយាមស្វែងរកអត្ថប្រ​យោ​ជន៍ផ្នែកសេដ្ឋកិច្ច ពីទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន។

នៅក្រោមរដ្ឋបាលដឹកនាំបច្ចុប្បន្ន របស់លោកMarcos ហ្វីលីពីនបានបង្កើនការចូលរួមផ្នែកការពារជាតិ និងសេដ្ឋកិច្ចជាមួយទីក្រុងវ៉ាស៊ីនតោន។ តួយ៉ាងកាលពីខែមុន សហរដ្ឋអាមេរិកបានប្តេជ្ញាជួយពន្លឿនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor នៅក្នុងប្រទេសហ្វីលីពីន តាមរយៈច្រករបៀងសេដ្ឋកិច្ច Luzon ។

លោក Marcos បានថ្លែងនៅឯវេទិកាធុរកិច្ចឥណ្ឌូ -ប៉ាស៊ីហ្វិកលើកទី៦ នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារថា “គំនិតផ្តួចផ្តើមទាំងនេះ នឹងលើកកម្ពស់សេវាកម្មដឹកជញ្ជូនទំនិញ និងការឈានចូលទៅកាន់តំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងធានាបាននូវនិរន្តរភាពនៃអាជីវកម្ម និងប្រែក្លាយហ្វីលីពីន ទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់កសិ-ពាណិជ្ជកម្ម និងភស្តុភារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។

លោក Marcos បានបន្ថែមថា “កម្មវិធីហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន គម្រោងអាទិភាពចំនួន១៨៥ ដែលទាមទារដើមទុនវិនិយោគប្រមាណ១៦៣ពាន់លានដុល្លារ នឹងជួយប្រែក្លាយប្រទេសជាតិរបស់យើង ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនថ្មីបន្ទាប់នៅតំបន់អាស៊ី”។

សេចក្តីប្រាថ្នាប្រកបដោយមហិច្ឆិតានេះ ​នឹងតម្រូវឱ្យហ្វីលីពីន​ ត្រូវខិតខំប្រឹងប្រែងប្រកួតប្រជែង ​ជាមួយ​បណ្តាប្រទេសជិតខាង​ ដូចជា​ប្រទេសវៀតណាម និង​ប្រទេសឥណ្ឌូនេស៊ី​ជាដើម។

ជាមួយគ្នានេះ បណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន ដែលសម្បូរទៅដោយធនធានមនុស្ស ក៏កំពុងប្រកួតប្រជែងគ្នាផងដែរ ដើ​ម្បីទាក់ទាញចំណែក នៃការវិនិយោគរាប់ពាន់លានដុល្លារ ស្របពេលដែលក្រុមហ៊ុនពហុជាតិសាសន៍នានា កំពុងខិតខំកាត់បន្ថយហានិភ័យ តាមរយៈការធ្វើពិពិធកម្មចេញពីប្រទេសចិន៕ ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here