ស្ថាប័នចំនួន៤សហការគ្នារៀបចំពិព័ណក្រោមប្រធានបទ” ផ្កាអ័រគីដេនៃអង្ករវត្ត”នៅប្រទេសសឹង្ហបុរី

0

ដោយៈ គង់ សូរិយា

សឹង្ហបុរីៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហគមន៍ និង​យុវជន​របស់ប្រទេស​សិង្ហបុរី​  និង​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​នៃ​ប្រទេ​ស​អូស្ត្រាលីបានរៀបចំពិព័ណដ៏ទាក់ទាញមួយ នៅឧទ្យានGardens By The Bay នៅប្រទេសសឹង្ហបុរី។

Gardens by the Bay ​ជា​ឧទ្យាន​ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ក្លាយ​ជា​ទីតាំង​ពិព័រណ៍​រស់​រវើក​នៃ​បេតិកភណ្ឌ និង​សាក​វប្បកម្ម​កម្ពុជា ក្រោម​ប្រធានបទ “ផ្កា​អ័រគីដេ​នៃ​អង្គរវត្ត”។

ភាព​ទាក់​ទាញ​បំផុត​នៃ​ពិព័រណ៍​នេះ ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ចម្លង​កម្ពស់៣,៥​ ម៉ែត្រ ដែល​ហ៊ុំព័ទ្ធ​ដោយ​ដើមត្នោត ​ជា​ដើមឈើ​តំណាង​ជាតិ​កម្ពុជា និងផ្កា​ផ្កា​កេសរ​កូល ឬ​អ័រគីដេ​ចម្រុះ​ពណ៌​ជាច្រើន។

ភ្ញៀវ​ទេសចរ​ក៏​អាច​ទស្សនា​ ទិដ្ឋភាព​ខ្លោង​ទ្វារ​ចូល​ប្រាសាទ​អង្គរធំ ដែល​មាន​ទេវតា(ព្រះ) បើក​ផ្លូវ​ដើរ ខណៈ​រូប​ចម្លាក់​ចម្លង​តំណាង​ឱ្យ​ស្ថាបត្យកម្ម និង​វប្បធម៌​ខ្មែរ​បុរាណ ហ៊ុំព័ទ្ធ​ដោយ​ផ្កា​កេសរកូល​ពណ៌ស​ និង​លម្អង​ពណ៌ លឿង និង​ពណ៌​ទឹកក្រូច បង្កើត​ភាព​ចម្រុះ​ ខុស​ពី​ផ្កា​កេសរកូល​ប្រពៃណី​ពណ៌ស្វាយ។

ទស្សនីយភាព​វប្បធម៌​ជួប​ធម្មជាតិ ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ​បាន​បើក​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ដែល​ជា​កិច្ចសហការ​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសសិង្ហបុរី និង Gardens by the Bay គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់ និង ក្រសួងវប្បធម៌ សហគមន៍ និង​យុវជន​របស់ប្រទេស​សិង្ហបុរី​ ក៏ដូចជា ​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​នៃ​ប្រទេស​អូស្ត្រាលី។

យោង​តាម​​ហ្វេសប៊ុក​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដក​ស្រង់សម្ដី​លោក សុខ ខឿន ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​សិង្ហបុរី បាន​ថ្លែង​ថា “ព្រឹត្តិការណ៍​ដ៏​មាន​សារ:សំខាន់​នេះ រៀបចំ​ក្នុង​គោលបំណង​លើក​កម្ពស់​ការយល់​ដឹង​ពី​ប្រទេស​កម្ពុជា និង​បង្ហាញ​ប្រទេស​កម្ពុជា​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់​តែ​ស្គាល់ ក៏​ដូចជា​ជំរុញ​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ កម្ពុជា-សិង្ហបុរី និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ”។

លោក​បាន​ឱ្យ​ដឹង​​ថា ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា និង​សួន​កម្សាន្ត Gardens by the Bay របស់​សិង្ហបុរី គឺជា​កន្លែង​ពីរ​ក្នុង​ចំណោម​កន្លែង​ ដែល​មាន​អ្នកទស្សនា​ច្រើន​បំផុត​ នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ប្រាសាទអង្គរវត្ត​ជាប់​លេខ​១ ហើយGardens by the Bay ជាប់​លេខ​២។

​លោកសុខ ខឿន បាន​ថ្លែង​ថា ការ​តាំងពិព័រណ៍​នេះ​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ Gardens by the Bay ហើយ​ក៏​នឹង​មាន​ភ្ញៀវទេសចរ​ជាច្រើន​ទៀត ​នឹង​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ពិត ​របស់​កម្ពុជា។

ពិព័រណ៍​នេះ​បើក​ពី​ថ្ងៃទី ១៧ ឧសភា រហូតដល់​ថ្ងៃទី ៨ ខែ​កញ្ញា ឆ្នាំ ២០២៤ បង្ហាញ​ពី​សួន​ផ្កា​កេសរកូល​កម្ពុ​ជា​ជាង៥០ប្រភេទ រួម​ទាំង​ផ្កា​អ័រគីដេ​កម្រ និង​Vandachostylis។

ផ្កា Dendrobium Adastra ស្រដៀង​នឹង “ទឹកធ្លាក់​ផ្កា” គឺជា​ចំណុច​លេចធ្លោ​មួយ​ទៀត ដែល​បង្ហាញ​ពី​ជីវចម្រុះ​ដ៏​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Gardens by the Bay លោក Felix Loh ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានថា ប្រាសាទអង្គរវត្ត​ជា​កន្លែង​ទាក់ទាញ​មួយ​ ក្នុងចំណោម​តំបន់​ទេសចរណ៍ ​ដែល​មាន​អ្នកទស្សនា​ច្រើន​បំផុត​នៅ​អាស៊ី ហើយ​យើង​មាន​កិត្តិយស ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​សិង្ហបុរី ​ដើម្បី​បង្កើត​ឡើងវិញ​នូវ​ទីតាំង​ដ៏​អស្ចារ្យ​នេះ​នៅ Gardens by the Bay។ ទន្ទឹមនឹងនោះ យើង​​ក៏បាន​ណែនាំ​ភ្ញៀវទេសចរ ​ឱ្យ​ស្គាល់​មរតក​ផ្កាកេសរកូល​​ដ៏​សម្បូរបែប​របស់​កម្ពុជា​​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here