មន្រ្តីជាន់ខ្ពស់ចិនសន្យាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកShohrat Zakir អនុប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃសភាតំណាង​ប្រជាជ​ន​ចិន បានប្រកាសធ្វើការជិតស្និទ្ធជាមួយ​សភា​កម្ពុជា ក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន បានគូសរំលេចបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក សូរ៉ាត ហ្សាគៀរ ជម្រាបសម្តេចធិបតីពីការកត់សម្គាល់​ របស់​លោក​ពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ​ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។​

លោកបានជម្រាប​សម្តេចធិបតី អំពីលទ្ធផលនៃជំនួបប្រកប​ដោយផ្លែផ្កា ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ បន្ថែមពីលើនេះ លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជា​មិត្ដ​ដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាព​រវាង​ប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និង​កាន់​តែជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុង​យុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយ​គុណភាព កម្រិត និងស្ដង់ដារខ្ពស់ផងដែរ។

លោក សូរ៉ាត ហ្សាគៀរ បានបញ្ជាក់ថា “ដំណើរ​ទស្សនកិច្ច​របស់​លោក នៅកម្ពុជានាពេលនេះ ធ្វើឡើងដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោកសូរ៉ាត ហ្សាគៀរ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេ​ញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចពិភាក្សា​រវាង​សម្តេចមហារដ្ឋសភាធិការធិបតី និងលោក សូរ៉ាត ហ្សាគៀរ ក្នុងការបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការ វាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រ​ទេសទាំងពីរ។

សម្តេចធិបតីបានបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត​​៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយ​ជាមិត្ត​ដែកថែប ព្រម​ទាំ​ង​បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចធិបតី បានថ្លែង​អំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក​ ក្នុងការជំរុញការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋា​ភិ​បាល​នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here