តើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅសហរដ្ឋអាមេរិក និងប្រទេសចិនមានភាពខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងខិតខំប្រកួតប្រជែង និងព្យាយា មតាមឱ្យទាន់ បណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសចិន ក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន។ ប៉ុន្តែ បរិបទរវាងប្រទេសមហាអំណាចទាំង២ មានភាពខុសគ្នាយ៉ាងខ្លាំង។

តួយ៉ាង កាលពីខែមេសាកន្លងទៅ គម្រោងខ្សែរថភ្លើងល្បឿនលឿនដំបូងគេរបស់អាមេរិក បានបើកការដ្ឋានសាងសង់ ដែលនឹងដឹកជញ្ជូនអ្នកដំណើរ រវាងទីក្រុង Las Vegas និងទីក្រុង Los Angelesភាគខាងត្បូងនៃរដ្ឋ California តាមបណ្តោយផ្លូវដែកប្រវែង៣៥០,៨៤គីឡូម៉ែត្រ។

លើសពីនេះ គម្រោងរថភ្លើងមួយចំនួនផ្សេងទៀត ត្រូវបានស្នើឡើង រួមទាំង ផែនការសាងសង់ ខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុង Dallas ទៅកាន់ទីក្រុង Houston និងទីក្រុង Fort Worth ក្នុងរដ្ឋតិចសាស់។

ប៉ុន្តែទោះជាយ៉ាងណាក្តី បណ្តាញផ្លូវរថភ្លើងល្បឿនលឿនរបស់សហរដ្ឋអាមេរិក មានប្រវែងខ្លីណាស់ បើប្រៀបធៀបទៅនឹងប្រទេសចិន ដែលជាដៃគូប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតរបស់ខ្លួននាពេលបច្ចុប្បន្ន។

យោងតាមគេហទំព័រ ​​Statista បានឱ្យដឹងថា គិតមកទល់នឹងឆ្នាំ២០២១ បណ្តាញផ្លូវដែកល្បឿនលឿន របស់ប្រទេសចិនបានលាតសន្ធឹងប្រវែង ប្រមាណ៤០,២៣៤គីឡូម៉ែត្រទូទាំងប្រទេស។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិក មិនទាន់បានបើកដំណើការផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន សូម្បីតែ១ខ្សែនៅឡើយទេ។ ជាទូទៅ ផ្លូវរថភ្លើង ដែលដឹកអ្នកដំណើរក្នុងល្បឿនចាប់ពី២០០ ទៅ៣៥៤គីឡូ ម៉ែត្រក្នុងមួយម៉ោង ទើបអាចហៅថាជា ផ្លូវរថភ្លើងល្បឿនលឿនបាន។

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដំបូងគេបង្អស់ទី១របស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅឆ្នាំ២០២៨ខាងមុខ គឺជាពេលដែលទីក្រុង Los Angeles នឹងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអូឡាំពិក។

ម្យ៉ាងទៀត ក្រុមហ៊ុនឧស្សាហកម្មឯកជន មានតួនាទីសំខាន់ក្នុងការសាងសង់ និងគ្រប់គ្រងផ្លូវដែកនៅសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងប្រទេសចិន បណ្តាញផ្លូវដែកស្ទើរតែទាំងស្រុង ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន China State Railway Group។ នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុននេះរកបានប្រាក់ចំណេញ សុទ្ធចំនួន៤,៨ពាន់លានយ័ន (ប្រហែល៦៦៤លានដុល្លារ)។

បន្ថែមពីលើនោះ គម្រោងខ្សែរថភ្លើងល្បឿនលឿនជាច្រើន ដែ​លត្រូវបានស្នើសាងសង់ឡើង នៅក្នុងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ ហើយមិនទាន់សម្រេចបានការអនុម័តចុងក្រោយនៅឡើយទេ ដោយក្នុងនោះ ព័ត៌មានលម្អិតសំខាន់​ៗមួយចំនួនមានភាពមិនច្បាស់លាស់៕ប្រភព: Newsweek៕

LEAVE A REPLY

Please enter your comment!
Please enter your name here