ដំណឹងល្អៈ ចិនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្ថែម ទៀតនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ប៉េកាំងៈ មន្រ្តីជាន់ខ្ពស់ចិន ​បាន​ឯកភាព​សិក្សា​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា តាម​សំណើ​របស់​កម្ពុជា និង​សន្យា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់​ខ្លួន ​ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ការ​នាំចូល​ផលិតផល ​កសិកម្ម​ពី​កម្ពុជា​ទៅ​កាន់​ប្រទេសរបស់ខ្លួន។

ព័ត៌មាននេះ បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន និង​លោក សុខ ចិន្តាសោភា  រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ក្នុង​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា  តប​តាម​ការ​អញ្ជើញ​ពី​សមភាគី​របស់​លោក។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ថា “ក្នុង​គោលបំណង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ច្រើនលោក វ៉ាង យី ស្វាគមន៍​សំណើ​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា  ឱ្យ​ភាគី​ចិន​សិក្សា​លទ្ធភាព​ពង្រីក ឬ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោកវ៉ាង យី ក៏​បាន​សន្យា​លើកទឹកចិត្ត​ក្រុមហ៊ុន និង​សហគ្រាស ចិន​ឱ្យ​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា  និង​ពង្រីក​ការ​នាំចូល​ផលិត​ផល​កសិកម្ម​ពី​កម្ពុជា​ថែមទៀត។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ​ដែល​ផ្សព្វផ្សាយ​នាថ្ងៃទី២៧ ខែ​ឧសភា ថា ភាគី​ចិន​ក៏​បាន​បញ្ជាក់ ​ពី​ការ​បន្ត​គាំទ្រ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ សំដៅ​បង្កើន​ចំនួន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា  និង​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា រួមមាន​ផ្នែក​ដឹកជញ្ជូន ភស្តុភារ​កម្ម ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ធារាសាស្ត្រ  ព្រមទាំង​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក ​ចម្រុះ​ហ្វូណន​តេជោ។

ក្រសួង​ចាត់​ទុក​វិស័យ​ទាំងនេះ ​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ដោយ​ចិន​មាន​បទពិសោធន៍​ជោគជ័យ ​ជា​យូរ​មក​ហើយ​លើ​វិស័យ​ទាំងនេះ។

ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ និង​មាន​សក្ដានុពល​ ដូចជា អប់រំ ទេសចរណ៍ កសិកម្ម​ទំនើប ការ​តភ្ជាប់ សេដ្ឋកិច្ច​ឌីជីថល (Digital) និង បញ្ញា​សិប្បនិម្មិត (AI)៕

LEAVE A REPLY

Please enter your comment!
Please enter your name here