វិនិយោគិនគ្រោងបោះទុនប្រែក្លាយផ្ទះបុរាណរបស់ប្រទេស ជប៉ុនទៅជាអចលនទ្រព្យថ្មី សម្រាប់ជនបរទេស

0

អន្តរជាតិ: ក្រុមហ៊ុនដែលទើបបង្កើតថ្មីឈ្មោះ PlanetDao គ្រោងបោះទុនវិនិយោគ ចំនួន៣៤លានយ៉េន នៅក្នុងគម្រោងអចលនទ្រព្យដំបូងរបស់ខ្លួន ដោយប្រែក្លាយផ្ទះបុរាណ Ryogonji ដែលត្រូវបានគេបោះបង់ចោល នៅក្នុងខេត្ត Wakayama ភាគខាងលិចរបស់ប្រទេសជប៉ុន ទៅជាផ្ទះសំណាក់។

ក្រុមហ៊ុនរំពឹងថា អាជីវកម្មនេះនឹងទាញបានផលចំណេញពីភ្ញៀវទេចរណ៍ តាមរយៈការផ្តល់ជូនសេវាកម្មស្នាក់នៅ ការបរិភោគអាហារ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុករបស់ជប៉ុន។

ផ្ទះបុរាណ Ryogonji ដែលមានអាយុកាល១៧០ឆ្នាំ មានទីតាំងស្ថិតនៅលើកូនភ្នំក្បែរភូមិ Irokawa។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មានហុងកុង South China Morning Post។

-->

លោកស្រី Tamaki Nishimura ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PlanetDao បានលើកឡើងថា “នៅពេលការអភិវឌ្ឍ ត្រូវបានបញ្ចប់រួចរាល់នៅឆ្នាំក្រោយ ផ្ទះសំណាក់នេះនឹងអាចទទួលភ្ញៀវទេសចរណ៍ បានចន្លោះពី១២នាក់ ទៅ១៥នាក់”។

លោកស្រីបានបន្តថា ប្រទេសជប៉ុន មានផ្ទះបុរាណសរុបប្រហែល៧៥.០០០ខ្នង ហើយចំនួន១ ភាគ៣នៃផ្ទះទាំងនោះត្រូវបានបោះបង់ចោល។ ផ្ទះសំណាក់បែបប្រពៃណី ដែលសាងសង់ជុំវិញ អាងត្រាំទឹកក្តៅ(Hot Spring) ក៏ត្រូវបានបោះ​បង់ចោលផងដែរ។

លោកស្រី Nishimura ជឿជាក់ថា គួបផ្សំជាមួយនឹងផ្ទះចាស់ៗ ដែលគេបោះបង់ចោលប្រមាណ៨លានយូនីត នៅក្នុងប្រទេសជប៉ុន ប្រាសាទ និងកន្លែងកម្សាន្ត ដែលលែងមានអ្នកមើលថែរទាំ គឺជាឱកាសវិនិយោគ ដ៏គួរឱ្យទាក់ទាញសម្រាប់ជនបរទេស ដែលចូលចិត្តប្រទេសជប៉ុន និងវប្បធម៌របស់ជប៉ុន។

ជាក់ស្តែង នៅទីក្រុង Kanazawa ក្នុងខេត្ត Ishikawa អគារប្រវត្តិសាស្ត្រ និងប្រាសាទចំនួន១៥០ខ្នង ត្រូវបានគេរុះរើ ឬទុកចោលទទេជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទិន្នន័យពីក្រសួ​ងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕​ប្រភព: SCMP៕

ដោយ: គង់ លាងហួរ