ការសិក្សា: ដីធ្លីនៅតាមទីក្រុងធំៗរបស់ប្រទេសចិនមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ តម្លៃដីនៅទីក្រុងកំពូលៗរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុត ជាពិសេសដីនៅតាមទីក្រុងធំៗ។ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃតម្លៃដេញថ្លៃដីក្នុងទីក្រុងទាំងនោះ៖

ទី១: ទីក្រុងសៀងហៃ

តម្លៃដីនៅក្នុងសង្កាត់ Xuhui របស់ទីក្រុងសៀងហៃបានហក់ឡើងដល់កំណត់ត្រា១៣១.០០០យ័ន(ប្រមាណ១៨.៣៤៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

-->

តម្លៃ​បំបែកកំណត់​ត្រា​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​នៃការ​ដាក់ដេញ​ថ្លៃ​ជា​សាធារណៈកាលពីខែសីហា ឆ្នាំមុន។ នេះជា​ការ​លក់​ដី​លំនៅដ្ឋានក្នុងតម្លៃខ្ពស់​បំផុត​មិនធ្លាប់មាននៅ​ចិន​ដីគោក​គិតរហូត​មក​ដល់​ពេលបច្ចុប្បន្ន។

ទី២: ទីក្រុងប៉េកាំង

តម្លៃដីនៅសង្កាត់ Haidian នៃរដ្ឋធានីមួយនេះបានហក់ឡើងដល់កំណត់ត្រា១០២.៣០០យ៉េនក្នុងមួយម៉ែត្រការ៉េ (ប្រហែល១៤.១៤០ ដុល្លារ)។ការដេញថ្លៃដីឡូតិ៍លំនៅដ្ឋានមួយកន្លែងនេះបានបំបែកកំណត់ត្រាថ្មីសម្រាប់ទីក្រុងប៉េកាំងកាលពីខែមីនា ឆ្នាំ២០២៥នេះ។

ទី៣: ទីក្រុង Chengdu

តម្លៃដីនៅសង្កាត់ Jinjiang នៃទីក្រុងឆឹងទូរ(Chengdu) បានហក់ឡើងដល់កំណត់ត្រា៤១.២០០យ័នក្នុងមួយម៉ែត្រការ៉េ(ប្រមាណ៥.៨០០ដុល្លារអាមេរិក)។

ដីឡូតិ៍លំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ Jinjiang នៃទីក្រុង Chengdu បានលក់ចេញក្នុងតម្លៃបំបែកកំណត់ត្រានេះនៅខែមីនា ឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់ក្នុងតំបន់ស្នូលរបស់ទីក្រុង។

ទី៤: ទីក្រុងសុិនជិន

តម្លៃដីនៅទីក្រុងសុិនជិនបានហក់ឡើងដល់ចន្លោះពី៣០.០០០យ័នទៅ៣៥.០០០យ័នក្នុងមួយម៉ែត្រការ៉េ។ខណៈតួលេខពិតប្រាកដមានភាពខុសប្លែកពីគ្នា ទីក្រុងសុិនជិន (Shenzhen) នៅតែបន្តសម្រេចបានកំណត់ត្រាតម្លៃដីខ្ពស់កប់ពពកនៅសង្កាត់សំខាន់ៗរបស់ខ្លួន។

ទី៥: ទីក្រុងក្វាងចូវ

តម្លៃដីនៅទីក្រុងក្វាងចូវ ដែលជាទីក្រុងលំដាប់ទី១របស់ប្រទេសចិនបានហក់ឡើងដល់១៨.៤៨៤យ័នក្នុងមួយម៉ែត្រការ៉េ ស្របពេលមានកំណើននៃតម្រូវការនៅតំបន់កណ្តាលទីក្រុង។

ចំណែកឯ ដីនៅទីក្រុងផ្សេងទៀត ដូចជា ដីនៅទីក្រុងហាងចូវ(Hangzhou)បានហក់ឡើងដល់៨៨.០០០យ័នក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីនៅទីក្រុង Xiamen បានហក់ឡើងដល់១៨.៧៤៧យ័នក្នុងមួយម៉ែត្រការ៉េ៕