ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលវៀតណាមបានណែនាំដល់ក្រសួង និងស្ថាប័នផ្សេងទៀតឱ្យកំណត់ពីមូលហេតុនៃការកើនឡើងតម្លៃអចលនទ្រព្យ និងស្នើវិធានការដើម្បីរក្សាស្ថិរភាព។នេះបើយោងតាមការចុះផ្សាយដោយកាសែត Vnexpress។
រដ្ឋាភិបាលវៀតណាមបានទទួលស្គាល់នៅក្នុងរបាយការណ៍ថ្មីៗនេះថា ទីផ្សារអចលនទ្រព្យវៀតណាមមិនទាន់មានការអភិវឌ្ឍន៍សមស្របទៅនឹងសក្តានុពលនៅឡើយទេ ដោយសារបញ្ហាប្រឈមមួយចំនួននៅតែបន្តអូសបន្លាយ។
បញ្ហាប្រឈមទាំងនោះមានដូចជាកង្វះខាតលំនៅដ្ឋានមានតម្លៃសមរម្យសម្រាប់ប្រជាជនវ័យក្មេង និងប្រជាជនមានប្រាក់ចំណូលទាប និងចំនួនផ្ទះវីឡា និងលំនៅដ្ឋានតម្លៃខ្ពស់ផ្សេងទៀតដ៏ច្រើនសម្បូរបែប។
ម៉្យាងទៀត តម្លៃលំនៅដ្ឋានក៏មានភាពខុសគ្នាស្រឡះជាមួយនឹងអំណាចនៃការទិញរបស់អ្នកទិញក្នុងគោលបំណងរស់នៅពិតប្រាកដ ខណៈការទិញស្តុកទុកវិនិយោគដើម្បីលក់យកផលចំណេញនៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន។
រដ្ឋាភិបាលបានណែនាំឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវកំណត់កត្តាមួយចំនួនដូចជាតម្លៃដី និងសម្ភារៈសំណង់ និងអត្រាការប្រាក់លើប្រាក់កម្ចី ដែលជាមូលហេតុចម្បងក្នុងការជំរុញឱ្យតម្លៃអចលនទ្រព្យនៅលើទីផ្សារមានការកើនឡើង។
ជាមួយគ្នានេះ ក្រសួង និងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវបង្រ្កាបអង្គភាព និងបុគ្គលទាំងឡាយណា ដែលកេងប្រវ័ញ្ចលើការដេញថ្លៃដីដើម្បីបំប៉ោងតម្លៃដី ព្រោះការណ៍នេះអាចបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន។
ការរៀបចំតាក់តែងផែនការត្រូវស្របតាមតម្រូវការជាក់ស្តែង ដោយធានាឱ្យមានការបែងចែកដីសមស្របសម្រាប់តម្រូវការពាណិជ្ជកម្មផ្សេងទៀត ដើម្បីធានាថា ដីនៅសល់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន។
យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃផ្ទះ និងតម្លៃដីបានកើនឡើងចន្លោះពី២០ភាគរយ ទៅ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅតាមទីតាំងមួយចំនួនក្នុងប្រទេសនេះ៕