លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈ តម្លៃដីធ្លីនៅជុំវិញតំបន់ភ្នំប្រសិទ្ឋនឹងងើបឡើងក្រោយលេចចេញផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញដីធ្លី និងមានឥទ្ឋិពលលើវិស័យអចលនទ្រព្យ បានលើកឡើងដោយសុទិដ្ឋិនិយមពីតម្លៃដីធ្លី នៅតំបន់ជុំវិញភ្នំប្រសិទ្ឋនឹងងើបឡើង ខណៈគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលត្រូវបានបង្ហើបឲ្យដឹង។

លោកថ្លែងបែបនេះ ក្រោយគេហទំព័រPropertyarea.asiaបានបង្ហោះព័ត៌មានធំមួយ កាលពីថ្ងៃទី២០ មិថុនា ដែលរដ្ឋាភិបាលគ្រោងចំណាយទុន៣០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់រមណីយដ្ឋានភ្នំប្រសិទ្ឋ ជាតំបន់លំហែរកាយកម្រិតខ្ពស់នាពេលខាងមុខ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ពេលលោកបានដឹងព័ត៌មាននេះ គឺពិតជាល្អណាស់ ហើយលោកគាំទ្រផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ព្រោះតំបន់ភ្នំប្រសិទ្ឋ បើសិនជាអភិវឌ្ឍន៍ជាតំបន់លំហែរកាយកម្រិតខ្ពស់ នឹងទាក់ទាញមនុស្សទៅលេងកំសាន្តច្រើន និងជម្រុញឲ្យតំបន់នេះ មានការអភិវឌ្ឍយ៉ាងសកម្ម។

លោកបញ្ជាក់ថា “តំបន់ភ្នំប្រសិទ្ឋ ជាតំបន់រមណីយដ្ឋានវប្បធ៌ម ធម្មជាតិតាំងពីដើមមក និងមានភាពល្បីល្បាញ ប៉ុន្តែក្រោយមកមានការបង្កើតតំបន់ទេសចរណ៍ថ្មីៗច្រើន បានធ្វើឲ្យចំនួនភ្ញៀវទៅទស្សនាតំបន់នេះថយចុះ”។ លោកបន្តថា “នៅពេលរដ្ឋាភិបាលចំណាយទុនវិនិយោគដ៏ធំនាពេលខាងមុខនេះ នឹងធ្វើឲ្យមនុស្សទៅលេងច្រើន ហើ​យនៅពេលមានមនុស្សទៅលេងច្រើន សេដ្ឋកិច្ចនៅមូលដ្ឋាននឹងរីកចម្រើនជាមួយគ្នាផងដែរ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានហៅសកម្មភាពបែបនេះ ជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលផលប្រយោជន៍សេដ្ឋកិច្ច ទទួលបានពីសេវាកម្មលំហែរកម្សា​ន្ត ការហូបចុក និងនិងការស្នាក់នៅ ពិសេ​សវានឹងធ្វើឲ្យតម្លៃដីធ្លីនឹងកំរើកឡើងវិញ ប៉ុន្តែវាឡើងកម្រិតណាអាស្រ័​យស្ថានភាពជាក់ស្តែង ប៉ុន្តែច្បាស់ណាស់វានឹងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here