ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋានក្នុងទីក្រុងសេអ៊ូលបានកើនឡើងដល់ចំនួនជាង៤ដងនៃតម្លៃផ្ទះជាមធ្យមនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយសរបញ្ជាក់ពីគម្លាតខុសគ្នារវាងការចំណាយលើការរស់នៅ និងវិសមភាពនៃអតិផរណា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារកណ្តាលកូរ៉េ។
គម្លាតរវាងកំណើនតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងសេអ៊ូល និងកំណើននៃតម្លៃជាមធ្យមថ្នាក់ជាតិ បានស្ថិតក្នុងរង្វង់៦៩,៤ភាគរយ។នេះជាគម្លាតធំបំផុតបើធៀបនឹងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន (G7)។
ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ តម្លៃផ្ទះនៅទីក្រុងសេអ៊ូលបានហក់ឡើង១១២,៣ភាគរយ ខណៈដែលតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិបានកើនឡើងត្រឹមតែ៤២,៩ភាគរយប៉ុណ្ណោះ។
ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ ដោយមានគម្លាតចំនួន៤៩,៨ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងប៉េកាំង និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិ។ ប្រទេសជប៉ុនមានគម្លាតចំនួន២៨,១ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងតូក្យូ និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមទូទាំងប្រទេស។
ប្រទេសកាណាដាមានគម្លាត២៤,៥ភាគរយរវាងរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុង Toronto និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមថ្នាក់ជាតិ។ ប្រទេសអូស្រ្តាលីមានគម្លាតត្រឹមតែ៩,៨ភាគរយរវាងកំណើនតម្លៃលំនៅដ្ឋាននៅទីក្រុងសុីដនី និងកំណើនតម្លៃលំនៅដ្ឋានជាមធ្យមទូទាំងប្រទេស។
យ៉ាងណាមិញ គម្លាតអវិជ្ជមានត្រូវបានគេមើលឃើញនៅសហរដ្ឋអាមេរិក។ ទីក្រុងញូវយ៉កបានបង្ហាញពីគម្លាតពិន្ទុដក១៦,៣ភាគរយ ហើយទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសមានគម្លាតពិន្ទុដក១៩,១ភាគរយ។
តួលេខខាងលើនេះមានន័យថា កំណើនតម្លៃផ្ទះនៅទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍មានកម្រិតទាបជាងកំណើនតម្លៃជាមធ្យមនៅទូទាំងប្រទេស៕