កំណើននៃតម្រូវការអចលនទ្រព្យឧស្សាហកម្មនៅប្រទេសហ្វីលីពីនជំរុញឱ្យមានការទិញដីធ្លី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឧស្សាហកម្ម​នៅប្រទេសហ្វីលីពីនកំពុង​បង្កើនការទិញ​ដីធ្លី ​និង​ការ​ដំឡើងគ្រឿង​បរិក្ខារ​ផ្សេងៗដើម្បី​បំពេញ​តាម​សភាពការណ៍វិវត្តន៍នៃតម្រូវការ​របស់បណ្តា​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស។

លោក Ricardo F. Lagdameo ប្រធានក្រុមហ៊ុនអចលនទ្រព្យ Damosa Land, Inc. (DLI) បានទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាការប្រកួតប្រជែង ដោយគិតគូរពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពឃ្លាំង និងរោងចក្រ។

ក្រុមហ៊ុននេះគ្រោងនឹងបន្តបោះទុនវិនិយោគក្នុងការធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងពង្រីកទីតាំង ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដី។

យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការបាត់បង់ឱកាសដើម្បីទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម ដោយសារតែការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនៅមានកម្រិត និងមានសភាពចាស់មិនទាន់សម័យ។

ក្រុមហ៊ុន CBRE បានព្យាករណ៍ថា ប្រទេសហ្វីលីពីននឹងទទួលបានការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មថ្មីបន្ថែមចំនួន៧៩.៦៦៩ម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ដោយភាគច្រើននៃការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនាពេលខាងមុខមានទីតាំងនៅទីក្រុង Laguna ទីក្រុង Cavite និងទីក្រុង Batangas ។

បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មបានលើកឡើងថា បច្ចុប្បន្ននេះ បណ្តាវិនិយោគិនទូទាំងពិភពលោកកំពុងស្វែងរកមជ្ឈមណ្ឌលផលិតកម្មជាយុទ្ធសាស្ត្រដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Aboitiz InfraCapital បានលើកឡើងថា បច្ចុប្បន្ននេះ អ្វីដែលបណ្តាអ្នកវិនិយោគសកលត្រូវការ រួមមានដូចជា ភាពច្បាស់លាស់ និរន្តរភាព និងល្បឿននៃទីផ្សារ។

ដើម្បីគាំទ្រដល់គោលដៅនិរន្តរភាពនៃទីផ្សារអចលនទ្រព្យ បណ្តាអ្នកអភិវឌ្ឍន៍ក៏រួមបញ្ចូលផងដែរនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រព័ន្ធត្រួតពិនិត្យថាមពល និងទឹក ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here