ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនបន្តសម្រេចបានកំណើនជាលំដាប់នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ និងនៅតែរក្សាបានភាពធន់នឹងការប្រែប្រួលជាសកល។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានហ្វីលីពីន Inquirer.Net។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានឱ្យដឹងថា ទីផ្សារការិយាល័យកំពុងនាំមុខគេ ដោយសារតម្រូវការកើនឡើង ខណៈបណ្តាក្រុមហ៊ុនប្រភេទ Business process outsourcing (BPO) ជាច្រើនបានជ្រើសរើសពង្រីកការិយាល័យនៅក្នុងរដ្ឋធានីម៉ានីល។
ក្រុមហ៊ុន Business Process Outsourcing (BPO) ជាប្រភេទក្រុមហ៊ុនភាគីទី៣ ដែលផ្តល់សេវាកម្មគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម ឬដំណើរការជាក់លាក់មួយចំនួនជំនួសបណ្តាក្រុមហ៊ុនដទៃ។ មុខងាររបស់ក្រុមហ៊ុន BPO រួមមានដូចជា គណនេយ្យ ធនធានមនុស្ស ការបញ្ចូលទិន្នន័យ ការផ្តល់សេវាកម្ម IT និងការផ្តល់សេវាកម្មដល់អតិថិជន។
លោក Rick Santos ប្រធាន និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Santos Frank Knight បានអះអាងថា “ទិដ្ឋភាពរបស់ភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ការណ៍នេះបានបង្កើតភាពមិនច្បាស់លាស់សម្រាប់បណ្តាអ្នកវិនិយោគ អាជីវកម្ម និងអ្នកប្រើប្រាស់”។
ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យហ្វីលីពីននៅតែបន្តបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដោយឈរលើមូលដ្ឋានទីផ្សារដ៏រឹងមាំ គោលនយោបាយសកម្មរបស់រដ្ឋាភិបាល និងកំណើននៃតម្រូវការក្នុងស្រុក។
លោក Rick Santos បានលើកឡើងថា “យើងបន្តសង្កេតឃើញមានស្ថិរភាពនៃតម្រូវការជួលការិយាល័យពីសំណាក់បណ្តាក្រុមហ៊ុន BPO។ ចំណែក ទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងរីកចម្រើនជាលំដាប់ ដោយសារតែកំណើនក្នុងវិស័យផលិតកម្ម ការដឹកជញ្ជូន និងការផ្ទុកទំនិញ”។
ចំពោះផ្នែកទីផ្សារលំនៅដ្ឋាន ទីក្រុងម៉ានីលបន្តជាប់ឈ្មោះជាទីក្រុងមួយ ដែលគេអាចទិញផ្ទះ ឬខុនដូប្រណីតក្នុងតម្លៃថោកជាងបណ្តាទីក្រុងធំៗផ្សេងទៀត ដូចជាទីក្រុងហុងកុង សិង្ហបុរី និងទីក្រុងតូក្យូ៕ប្រភព: Inquirer.Net៕