ម៉ាឡេសុីដំឡើងពន្ធលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ខណៈរដ្ឋនេះកំពុងក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេសុីបានដំឡើងពន្ធផ្សេងៗលើការទិញអចលនទ្រព្យដោយជនបរទេសនៅក្នុងរដ្ឋ Johor ដែលកំពុងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសដ៏ទាក់ទាញរវាងប្រទេសម៉ាឡេសុី និងប្រទេសសិង្ហបុរី។ ប៉ុន្តែ ក្រុមអ្នកវិភាគរំពឹងថា វិធានការនេះនឹងជះឥទ្ធិពលតិចតួចប៉ុណ្ណោះលើទីផ្សារ។

ទោះជាយ៉ាងណា លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យក្នុងស្រុក Olive Tree Property Consultants លើកឡើងថា ការដំឡើងពន្ធថ្មីពី២ភាគរយទៅដល់៤ភាគរយលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មចាំបាច់ត្រូវត្រួតពិនិត្យមើលម្តងទៀត។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ផលិតកម្មជាវិស័យមួយក្នុងចំណោមវិស័យគោលដៅអាទិភាព។ការបង់ពន្ធថ្មីចំនួន៤ភាគរយបន្ថែមលើការបង់ពន្ធប្រថាប់ត្រា៤ភាគរយទៀត នឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់បណ្តាវិនិយោគិន។ការណ៍នេះអាចបណ្តាលឱ្យពួកគេផ្អាកផែនការវិនិយោគ។

លោក Samuel Tan បន្តថា “ដូច្នេះ ការដំឡើងពន្ធលើការទិញអចលនទ្រព្យផ្នែកឧស្សាហកម្មទាមទារឱ្យមានការគិតពិចារណាឡើងវិញ។ អត្រាពន្ធថ្មីចំនួន៤ភាគរយគួរតែត្រូវបានបន្ទាបដើម្បីបង្ហាញដល់បណ្តាវិនិយោគិន ថា យើងស្វាគមន៍ពួកគេ នៅពេលពួកគេបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតការងារថ្មីៗ”។

លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុី បានមានប្រសាសន៍ឱ្យដឹងថា អចលនទ្រព្យផ្នែកឧស្សាហកម្ម ជាពិសេសការទិញដីឧស្សាហកម្មដោយជនបរទេស អាចធ្លាក់ចុះក្នុងរយៈពេលខ្លី។

លោក Tan បន្ថែមថា សម្រាប់វិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនផលិតកម្ម ការដំឡើងពន្ធថ្មីនេះអាចជះផលប៉ះពាល់ដល់ការរៀបចំផែនការដើមទុន ដែលជំរុញឱ្យមានការពន្យារពេលបណ្តោះអាសន្ននៃការវិនិយោគ។

យ៉ាងណាមិញ លោក Ka Leong ជឿជាក់ថា ផលប៉ះពាល់នឹងមានរយៈពេលខ្លី ដោយសារមូលដ្ឋានគ្រឹះរយៈពេលវែង និងភាពរឹងមាំជាយុទ្ធសាស្ត្ររបស់រដ្ឋ Johor ក្នុងការទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិន ជាពិសេសបណ្តាក្រុមហ៊ុនឧស្សាហកម្ម និងភស្តុភារ៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here