(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ា ចំនួន៣រូបធំៗ បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
១. លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ)។
២. អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ)។
៣. អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ។
ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ា គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាមួយនោះដែរ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាលោកអ្នកឧកញ៉ាគិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមដោយស្ម័គ្រចិត្តបានថវិការហូតចំនួន ៥០០,២១៦ដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕