ក្រុមហ៊ុនចិនធំមួយគ្រោងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញនៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. មកពីខេត្តហឺប៉ី សាធារណរដ្ឋប្រជាមានិតចិន គ្រោងបោះទុនវិនិយោគលើវិស័យថាមពលស្អាត និងថាមពលកកើតឡើងវិញនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងជំនួបរវាងលោកជា វុទ្ធី អគ្គលេ​ខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd.។

លោកអគ្គលេខាធិការ បានជម្រាបជូន គណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ ដោយប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។

លោកជា វុទ្ឋីបានបន្តទៀតថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរនោះ រាល់ជំនួបជាមួយគណៈប្រតិភូចិន ឯកឧត្តមអគ្គលេខាធិការតែងតែស្នើដោយទទូចឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេច ក្នុងស្រុកជាធាតុចូលផលិតកម្ម ឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

លោកស្រី លី ជៀ បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថាក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួ​ន៧២ផងដែរនៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពល ក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

លោកស្រីប្រធានបានបញ្ជាក់បន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះ អាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ា​ល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍ វិស័យថាមពលនាពេលខាងមុខ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោង ដែលលោកស្រី លី ជៀបានលើកទ្បើង។

លោកអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និងពោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here