អបអរសាទរៈកម្ពុជាបញ្ចប់ការបោះបង្គោលព្រំដី និងផ្ទៀងផ្ទាត់និយាមកា គម្រោងព្រែកជីកហ្វូណនតេជោហើយ

0

ដោយៈ គង់ សូរិយា

    ខេត្តកែបៈ រដ្ឋាភិបាលបានបញ្ចប់ការបោះបង្គោលព្រំដី និងផ្ទៀងផ្ទាត់និយាមការគំរោងព្រែកជីកហ្វូណនហើយ។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីក ហ្វូណនតេជោដោយមានការចូលរួមពី លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម តំណាងក្រុមការងារពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី លោកអភិបាល នៃគណៈអភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះផ្ទៀងផ្ទាត់ និងបញ្ចប់ការបោះបង្គោលព្រំដីនិយាមកា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

សម្រាប់បេសកកម្មនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានអញ្ជើញទៅកាន់ទីតាំង ដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងធ្វើការបោះបង្គោលព្រំដីបញ្ចប់ជាស្ថាពរ សម្រាប់គម្រោ​ងព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងភូមិសាស្រ្តឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ចំពោះការអនុវត្តការងារចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្រេចរួចរាល់ទាំងស្រុងត្រឹមថ្ងៃនេះ ដោយបានអនុវត្តក្នុងខេត្តកណ្តាល តាកែវ ខេត្តកំពត និងខេត្តកែប ជាភូមិ សាស្រ្តបញ្ចប់ចុងក្រោយគេ។ បង្គោលព្រំដីដែលបានបោះរួចសរុបទាំងអស់មានចំនួន១,៩២០បង្គោល។

បន្ទាប់ពីប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត បច្ចុប្បន្ននេះ គម្រោងត្រូវបានអនុវត្តតាមផែនការសកម្មភាពជាដំណាក់កាលបន្តបន្ទាប់ ស្របទៅតាមផែនការដែលបានគ្រោងទុក។

ចំពោះការចល័តគ្រឿងចក្រចូល ដើម្បីចាប់ផ្ដើមសាងសង់ជាផ្លូវការ គ្រោងនឹងអនុវត្តក្នុងរដូវទឹកស្រក អំឡុងចុងឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងរួចរាល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំរាយព្រែកជីកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here