ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) បានដាក់ឱ្យអនុវត្តគម្រោងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យម្ហូបអាហារសម្ងួតរបស់កម្ពុជាសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។
គម្រោង “ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យ MSME អាហារសម្ងួតនៅកម្ពុជា” គឺជាគំនិតផ្តួចផ្តើមរបស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (DGSTI) របស់ MISTI ក្នុងការសម្របសម្រួលជាមួយ មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ក្រោមការណែនាំបច្ចេកទេសពីវិទ្យាស្ថាន Resilience Development Initiative ដែលបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីអង្គការផលិតភាពអាស៊ី (APO)។
គំនិតផ្តួចផ្តើមនេះមានគោលបំណង បង្កើនផលិតភាពក្នុងវិស័យអាហារសម្ងួត ដោយវាយតម្លៃសមត្ថភាពបច្ចេកវិទ្យា របស់សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវក្នុងស្រុក បង្កើតឱកាសដើម្បីផ្ទេរសមត្ថភាពទាំងនេះទៅ MSMEs។
លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីចក្ខុវិស័យច្បាស់លាស់មួយ ដើម្បីប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់កំណើន ប្រកបដោយចីរភាព និងបរិយាបន្ន”។
លោកបានបន្ថែមថា គម្រោងនេះ ស្របតាមគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០ ដោយយោងយ៉ាងច្បាស់លាស់ អំពីបេសកកម្មដំបូងនៃរបៀបវារៈស្រាវជ្រាវជាតិ ដែលនិយាយអំពីអាហារក្នុងស្រុក។
គោលដៅ គឺសម្រាប់៧០ភាគរយ នៃការប្រើប្រាស់ម្ហូបអាហាររបស់ប្រទេសកម្ពុជា ត្រូវបានផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុក ដោយរំលេចពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការគាំទ្រសន្តិសុខស្បៀង និងការប្រកួតប្រជែងMSME ។
លោកបានពន្យល់ថា “លើសពីឧបករណ៍ និងសម្ភារៈ វិធីសាស្រ្តបច្ចេកវិជ្ជាដ៏ទូលំទូលាយមួយ គឺត្រូវការជាចាំបាច់ គ្របដណ្តប់លើការធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តកែច្នៃ ការត្រួតពិនិត្យច្បាស់លាស់នៃប៉ារ៉ាម៉ែត្រសម្ងួតដូចជា សីតុណ្ហភាព សំណើម និងលំហូរខ្យល់ នវានុវត្តន៍ក្នុងការបង្កើតផលិតផល ការបង្កើនប្រសិទ្ធភាពនៃអាយុកាលផលិតផល និងការជ្រើសរើសសំបកវេចខ្ចប់ដែលមានការការពារខ្ពស់”។
ចំណែកលោក Tanvir Faisal មន្ត្រីកម្មវិធីនៅ APO បានថ្លែងថា “គម្រោងនេះគឺជាគំនិតផ្តួចផ្តើម ក្រោមកម្មវិធីសេវាកម្មអ្នកជំនាញបច្ចេកទេសរបស់APO ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសសមាជិក”។
លោកបន្តថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហការរវាងសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ស្ថាប័នសិក្សាស្រាវជ្រាវ និងរដ្ឋាភិបាលក្នុងការលើកកម្ពស់ ការផ្ទេរបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ក្នុងវិស័យអាហារស្ងួតរបស់កម្ពុជា។
គម្រោងនេះពាក់ព័ន្ធ នឹងការប្រមូលទិន្នន័យយ៉ាងទូលំទូលាយតាមរយៈការស្ទង់មតិ ការសម្ភាសន៍ ការចុះទៅទីតាំងផ្ទាល់ និងការពិភាក្សាជាក្រុមជាមួយម្ចាស់MSME តំណាងមកពីសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់បញ្ហាប្រឈម និងឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា។
គោលដៅ គឺដើម្បីបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ការផ្ទេរបច្ចេកវិទ្យាប្រកបដោយចីរភាព និងកិច្ចសហការក្នុងចំណោមMSMEs ក្នុងវិស័យអាហារសម្ងួត និងការសិក្សាស្រាវជ្រាវ សម្តៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពផលិតផល និងលទ្ធភាពទទួលបានទីផ្សារ៕