វិស័យអចលនទ្រព្យនៅលើពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗចំនួន៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យនៅលើពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗមួយចំនួន រួមមានដូចជា ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។ការណ៍នេះទាមទារឱ្យគំនិតច្នៃប្រឌិតថ្មី។

ជាក់ស្តែង អត្រាការប្រាក់ និងអតិផរណាសកលនៅតែមានកម្រិតខ្ពស់។ប្រការនេះនាំឱ្យធនាគារកណ្តាលអាមេរិកបន្តរឹតបន្តឹងគោលនយោបាយអត្រាការប្រាក់ ដែលធ្វើឱ្យមនុស្សពិបាកទូទាត់សងអត្រាការប្រាក់លើកម្ចីទិញផ្ទះ។

ជាមួយគ្នានេះ អត្រាអតិផរណាក៏បានជំរុញឱ្យតម្លៃសម្ភារៈសំណង់កើនឡើងផងដែរ និងជះផលប៉ះពាល់លើប្រាក់ចំណេញរបស់បណ្តាអ្នកអភិវឌ្ឍន៍។ ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសជាច្រើនលើពិភពលោកកំពុងជួបប្រទះនឹងការថយចុះនូវតម្រូវការ ដោយសារលទ្ធភាពទិញផ្ទះបានធ្លាក់ចុះ។

ម្យ៉ាងទៀត លំនៅដ្ឋាន​នៅទីក្រុងនានាលើពិភពលោក​កាន់តែ​មាន​តម្លៃ​ថ្លៃហួសពីលទ្ធភាពរបស់អ្នកទិញ ជាពិសេស​​យុវជនក្មេងៗ​ជំនាន់​ក្រោយ។ ការផ្គត់ផ្គង់លំនៅដ្ឋាននៅបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងអូស្ត្រាលី នៅមានកម្រិត។

ការកើនឡើងនៃនិន្នាការបំពេញការងារពីចម្ងាយ បានកាត់បន្ថយយ៉ាងគំហុកនូវតម្រូវការជួលការិយាល័យ។ អត្រាការិយាល័យទំនេរនៅតែមានកម្រិតខ្ពស់នៅតាមបណ្តាទីក្រុងជាច្រើននៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល។

វិស័យអចលនទ្រព្យសកលក៏ប្រឈមមុខនឹងសម្ពាធ ដែលតម្រូវឱ្យបណ្តាអ្នកអភិវឌ្ឍន៍ងាកមកយកចិត្តទុកដាក់ចំពោះស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ ការកែលម្អជួសជុលអគារឡើងវិញដើម្បីធានាប្រសិទ្ធភាពថាមពល និងនិរន្តរភាព ត្រូវចំណាយដើមទុនច្រើន និងប្រើប្រាស់ពេលវេលាយូរ។

ទន្ទឹមនឹងនេះ បច្ចេកវិទ្យាអចលនទ្រព្យ (Proptech) កំពុងធ្វើការផ្លាស់ប្តូរទម្រង់នៃការទិញ ការលក់ និងការគ្រប់គ្រងផលបត្រអចលនទ្រព្យ។

បណ្តាអ្នកវិនិយោគក្នុងវិស័យនេះត្រូវងាកមកផ្តោតលើបរិវត្តកម្មឌីជីថល ការកែលម្អប្រសិទ្ធភាព និងការជំរុញបទពិសោធន៍របស់អ្នកប្រើប្រាស់ឱ្យកាន់តែល្អប្រសើរ ខណៈការវាយប្រហារតាមអុីនធឺណេតបានក្លាយជាហានិភ័យថ្មីសម្រាប់អគារឆ្លាតវៃ និងវេទិកាថ្នាលឌីជីថល៕ប្រភព: Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here