តម្រូវការលំនៅដ្ឋាននៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងសុិនជិនអាចនឹងសម្រេចបានស្ថិរភាពឡើងវិញនៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា អាជ្ញាធរទីក្រុងប៉េកាំងរបស់ប្រទេសចិនបានដាក់ចេញវិធានការយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការលុបចោលការរឹតបន្តឹងលើការទិញផ្ទះ។ ការណ៍នេះនឹងជួយរក្សាស្ថិរភាពតម្លៃលំនៅដ្ឋាននៅរដ្ឋធានីប៉េកាំងនៅឆ្នាំ២០២៦។

ជាមួយគ្នានោះ ក្រុមអ្នកវិភាគបានលើកឡើងថា បណ្តាទីក្រុងធំៗ ផ្សេងទៀត រួមមានដូចជា ទីក្រុងសៀងហៃ និងទីក្រុងសុិនជិន (Shenzhen) អាចនឹងយកគម្រូតាមវិធានការរបស់អាជ្ញាធររដ្ឋធានីប៉េកាំងនៃប្រទេសចិន។

រដ្ឋបាលក្រុងប៉េកាំងបានប្រកាសថា គ្រួសារ ដែលមានទីលំនៅក្នុងទីក្រុងប៉េកាំង ក៏ដូចជាប្រជាជន ដែលបានបង់ប្រាក់ធានារ៉ាប់រងសង្គម និងពន្ធលើប្រាក់ចំណូលក្នុងរយៈពេលកំណត់ នឹងត្រូវបានអនុញ្ញាតឱ្យទិញផ្ទះថ្មី និងផ្ទះប្រភេទទី២ នៅខាងក្រៅផ្លូវក្រវ៉ាត់ក្រុងទី៥ ដែលព័ទ្ធជុំវិញជាយក្រុងប៉េកាំង។

រដ្ឋបាលក្រុងប៉េកាំងក៏បានបង្កើនទំហំនៃការផ្តល់ប្រាក់កម្ចីអតិបរមាដល់អ្នកមានបំណងទិញផ្ទះទី២ ពីចំនួន៦០០.០០០យ័នដល់ចំនួន១លានយ័ន(ប្រហែល១៣៩.២៤៧ដុល្លារអាមេរិក) និងបានកាត់បន្ថយតម្រូវការបង់ប្រាក់កក់មុនពីអត្រា៣៥ភាគរយមកនៅត្រឹម៣០ភាគរយ។

លោក Jeff Zhang អ្នកវិភាគនៅក្រុមហ៊ុន Morningstar បានអះអាងថា ទីក្រុងសៀងហៃ និងទីក្រុងសុិនជិន នឹងដាក់ចេញនូវវិធានការស្រដៀងគ្នានេះ ដោយផ្តោតលើការជំរុញឱ្យតម្លៃ និងតម្រូវការលំនៅដ្ឋាននៅតំបន់ជាយក្រុងស្ទុះងើបឡើងវិញ។

ទោះជាយ៉ាងណា លោកបានបញ្ជាក់បន្ថែមថា តម្រូវការលំនៅដ្ឋាននឹងមិនស្ទុះងើបឡើងវិញនៅឆ្នាំនេះទេ។ ប៉ុន្តែ លោករំពឹងថា តម្រូវការលំនៅដ្ឋានអាចនឹងមានស្ថិរភាពនៅឆ្នាំ២០២៦ខាងមុខ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here