ចំណេះដឹង​! អ្នក​ចេញ​ធ្វើអាជីវកម្ម​បើ​គ្មាន​ ៤ចំណុច​នេះ​ទេ​ នឹង​បរាជ័យ​ឆាប់​បំផុត​

0
ម្ចាស់អាជីវកម្មកំពុងពិបាកចិត្តរឿង​អាជីវកម្មបរាជ័យ។ រូបតំណាង

ដោយ​ ៖ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​មានគំនិត​អភិវឌ្ឍ​ខ្លួន​ធ្វើជា​អ្នកជំនួញ​ ឬប្រកប​អាជីវកម្ម​ដោយ​ម្ចាស់ការ​លើ​ខ្លួនឯង​គឺជា​រឿង​ដែល​ល្អ​បំផុត​ និង​គួរតែ​អនុវត្តន៍​ភ្លាម​ ប្រសិន​ខ្លួន​មានលទ្ធភាព​គ្រប់គ្រាន់​។ ប៉ុន្តែ​អ្វី​ដែល​ត្រូវតែ​ពិចារណា​មុន​ពេល​បោះជំហាន​ចេញ​ ដោយ​ខ្វះ​មិនបាន​នោះ​ គឺ​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​អាច​ឈរជើង​បាន​យូរអង្វែង​ និង​ទទួល​បាន​ភាព​ជោគជ័យ​លើ​អាជីវកម្ម​។

​១. មិន​ត្រូវ​គិតទៅ​លើ​តែ​ប្រាក់ចំណេញ​មួយ​មុខ​

ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ ម្ចាស់​តែង​ចង់បាន​ប្រាក់ចំណេញ​ឱ្យ​បាន​ច្រើន​ដែរ​។ ផ្នត់គំនិត​រកស៊ី​ ចង់បាន​តែ​ប្រាក់ចំណេញ​សម្រាប់​ខ្លួនឯង​នេះ​ ជា​គំនិត​អាត្មានិយម​ ហើយ​បើ​ទោះជា​ជោគជ័យ​ក៏អាច​កើតឡើង​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​។ នៅក្នុង​ប្រទេស​ជប៉ុន​អាជីវកម្ម​ជោគជ័យ​ គឺ​មាន​រយៈពេល​វែង​រហូត​តកូនតចៅ​រាប់​រយ​ឆ្នាំ​ក៏​មាន​។ចំនុច​សំខាន់​ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​មាន​រយៈពេល​វែង​ គឺ​មិន​ត្រូវ​គិតតែពី​ប្រយោជន៍​ផ្ទាល់ខ្លួន​តែមួយមុខ​នោះ​ទេ​ តែ​ត្រូវ​គិត​ពី​ប្រយោជន៍​សាធារណៈ​ ប្រយោជន៍​អតិថិជន​ជាធំ​ មិនថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ឬផលិតកម្ម​នោះ​ឡើយ​ ដើម្បី​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើនឡើង​។

នៅ​លើ​របត់​ទីផ្សារសេរី​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​មួយចំនួន​ដែល​ចេញ​លក់​ផលិតផល​នៅ​លើ​ទីផ្សារ​លើកដំបូង​ ត្រូវ​គេ​មើលឃើញ​ថា​ភាគច្រើន​តែង​ផ្តល់​នូវ​គុណភាព​ និង​សេវាកម្ម​ល្អ​ ប៉ុន្តែ​នៅពេល​ទទួល​បានការ​គាំទ្រ​ច្រើន​ហើយ​ ក្រុមហ៊ុន​ខ្លះ​បាន​បន្ថយ​គុណភាព​ និង​បរិមាណ​ផលិតផល​របស់​ខ្លួន​ ដែល​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ស្វែងរក​ប្រាក់ចំណេញ​ឱ្យ​បាន​ច្រើន​ តែ​យុទ្ធសាស្ត្រ​នេះ​គឺជា​ការ​ចាក់​សម្លាប់​អាជីវកម្ម​របស់​ខ្លួន​ នៅក្នុង​រយៈពេល​ដ៏​ខ្លី​។

២. ស្គាល់​ពីអ​តិថិ​ជន​គោលដៅ​ច្បាស់​

សម្រាប់​អ្នកមាន​ទុន​ ការ​ចាប់ផ្តើម​អាជីវកម្ម​ ដោយ​មិនបាន​សិក្សា​ទីផ្សារ​ និង​អតិថិជន​គោលដៅ​ជាមុន​ហាក់បី​ ដូចជា​ ប្រថុយប្រថាន​ខ្លាំង​ណាស់​។ ជួនកាល​មាន​ផលិតផល​ល្អ​ ប៉ុន្តែ​អតិថិជន​គោលដៅ​ ជីវភាពរស់នៅ​របស់​ពួកគេ​មិន​សម​ល្មម​ នឹង​ទទួលយក​វត្ថុ​ទាំងនោះ​មក​ប្រើប្រាស់​ ឬទទួលទាន​។ ឧទាហរណ៍​ ទីផ្សារ​កាហ្វេ​នៅក្នុង​ក្រុងភ្នំពេញ​ ដែល​មាន​ហាង​ទំនើប​ មានគុណ​ភាពល្អ​ មាន​សេវាកម្ម​ល្អ​ មាន​ម៉ាស៊ីន​ត្រជាក់​ លក់​ក្នុង​តម្លៃ​ ២-៣ ដុល្លារ​ ក្នុង១កែវ​ ដែល​មាន​អតិថិជន​គាំទ្រ​ប្រមាណ៣០ភាគរយ​ ប៉ុណ្ណោះ​ ប៉ុន្តែ​កាហ្វេ​ដែល​មានតម្លៃ​ចន្លោះ​ពី១​-២ ដុល្លារ​ ក្នុង១កែវ​ ដែល​លក់​នៅ​ហាង​បែប​ធម្មតា​ បែរជា​មាន​អតិថិជន​គាំទ្រ​ច្រើន​ចន្លោះ​ពី​ ៣០​-៧០​ ភាគរយ​ នៃ​ចំណែក​ទីផ្សារ​នៃ​អ្នក​និយម​ទទួលទាន​កាហ្វេ​ ដូច្នេះ​បើសិនជា​ចាប់ផ្តើម​អាជីវកម្ម​កាហ្វេ​ គួរ​ត្រូវ​ជ្រើសរើស​អតិថិជន​គោលដៅ​មួយ​ណា​ឱ្យ​ប្រាកដ​។

៣. ស្គា​លពី​សមាសភាព​ដៃគូ​ប្រកួតប្រជែង​

មាន​អ្នកធ្វើ​ជំនួញ​មួយចំនួន​គិតថា​ ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ មាន​ផលិតផល​ល្អ​ហើយ​នោះ​ ក៏​ចាប់ផ្តើម​ចែកចាយ​នៅ​លើ​ទីផ្សារ​តែម្តង​ ដោយ​មិនបាន​គិតទៅ​លើ​ដៃគូ​ប្រកួតប្រជែង​នោះ​ឡើយ​ ។ កត្តា​នេះ​ នឹងអាច​ធ្វើ​ឱ្យ​គម្រោង​អាជីវកម្ម​មិន​ជោគជ័យ​ ឬអាច​ត្រឹម​ទទួល​បានការ​គាំទ្រ​តិចតួច​បំផុត​។ ដូច្នេះ​ដើម្បី​ឱ្យ​មានការ​គាំទ្រ​ច្រើន​ គួរតែ​សិក្សា​អំពី​ដៃគូ​ប្រកួតប្រជែង​ឱ្យ​បាន​ច្បាស់​ ថា​តើ​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ជា​អ្នកណា​ ហើយ​គេ​បាន​ធ្វើអ្វី​ខ្លះ​ ចែកចាយ​ផលិតផល​បែប​ណា​នៅ​លើ​ទីផ្សារ​ ដើម្បី​ទាញ​យក​ចំណែក​ទី​ផ្សា​របស់​យើង​បាន​។

៤. ថែរក្សា​អតិថិជន​ដែល​មានស្រាប់​

ដោយសារ​ចង់បាន​អតិថិជន​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​ៗ អ្នកខ្លះ​គិតតែពី​ធ្វើ​យុទ្ធសាស្ត្រ​ដណ្តើម​យក​អតិថិជន​បន្ថែម​ រហូត​ភ្លេច​គិត​ពី​ការ​ថែរក្សា​អតិថិជន​ចាស់​ ដែល​មាន​ក្នុង​ដៃ​ស្រាប់​ រហូត​ធ្វើ​ឱ្យ​ប្រភព​គាំទ្រ​អស់​ទឹកចិត្ត​នាំគ្នា​ចាកចេញ​។ ដូច្នេះ​មានតែ​ការ​ថែរក្សា​ពីអ​តិថិ​ជន​ចាស់​ ផ្តល់​នូវ​ផលិតផល​ដែល​មានគុណ​ភាពល្អ​ គួរ​ជាទី​ទុកចិត្ត​ រួម​ជាមួយ​ការ​ផ្តល់​សេវាកម្ម​ល្អ​ លឿន​រហ័ស​ទាន់ចិត្ត​ ទើប​ធ្វើ​ឱ្យ​អតិថិជន​ចាស់​លើក​សរសើរ​ និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ដែល​ជា​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​លឿន​ និង​មានប្រសិទ្ធភាព​បំផុត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here