ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) បានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍អគារខ្ពស់កប់ពពកចំនួន៥ បន្ថែមទៀត ខណៈអ្នកអភិវឌ្ឍន៍មួយចំនួនមានបំណងបំបែកកំណត់ត្រាថ្មីនៃគម្រោងរបស់ខ្លួន។
ទី១: អគារ Burj Azizi
គម្រោងអគារ Burj Azizi គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ខាងមុខ។ អគារនេះមានកម្ពស់៧២៥ម៉ែត្រ និងមាន១៣១ជាន់ ដោយផ្តល់នូវអចលនទ្រព្យចម្រុះបែប រួមមាន លំនៅដ្ឋាន សណ្ឋាគារ ហាងលក់រាយ និងកន្លែងកម្សាន្ត។
ទី២: អគារ Burj Binghatti Jacob & Co. Residences
គម្រោងអគារខ្ពស់កប់ពពកនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២២ ដោយគ្រោងបញ្ចប់រួចរាល់នៅចន្លោះពាក់កណ្តាលឆ្នាំ២០២៦ និងឆ្នាំ២០២៧។
គម្រោងនេះមានទីតាំងនៅតំបន់ Business Bay ដែលនឹងមានកម្ពស់៥៥៧ម៉ែត្រ និងមាន១០៤ជាន់ ព្រមទាំងមានជាន់ក្រោមដីចំនួន៧។
ទី៣: អគារ Downtown Residences
ក្រុមហ៊ុន Deyaar បានបើកដំណើរការសាងសង់គម្រោងអគារ Downtown Residences នេះ ជាមួយនឹងកម្ពស់៤៤៥ម៉ែត្រ។ ដោយមានទីតាំងនៅតំបន់ Business Bay អគារខ្ពស់កប់ពពកនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ខាងមុខ។
ទី៤: អគារ Trump International Hotel & Tower
នេះជាគម្រោងអគារ Trump Tower ដំបូងបំផុតនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ គម្រោងតម្លៃជាង២៧២លានដុល្លារនេះស្ថិតនៅផ្លូវ Sheikh Zayed និងនៅច្រកចូលទីប្រជុំជននៃទីក្រុងឌូបៃ។អគារនេះនឹងមានកម្ពស់៣៥០ម៉ែត្រ។
ទី៥: អគារ Jumeirah Residences Emirates Towers
គម្រោងអគារនេះបានបើកការដ្ឋានសាងសង់កាលពីត្រីមាសទី១ ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០៣០។ អាផាតមុិនមានបន្ទប់គេង១ នៅអគារភ្លោះនេះនឹងមានតម្លៃចាប់ពី៣,៥លានdhក្នុងមួយយូនីត(ប្រមាណ៩៥៣.០៣៣ដុល្លារ)៕