ដោយ ម៉ាណេត
សៀមរាបៈ ក្រុមហ៊ុនអភិវឌ្ឍន៍ Urban Living Solutions (ULS) បាននិងកំពុងអភិវឌ្ឍទីក្រុងរណប មានផ្ទៃដីរហូតទៅដល់ ២១៥ហិកតាក្នុងខេត្តសៀមរាប។
លោក ងួន ឆាយលាង នាយកប្រតិបត្តិក្រុមហ៊ុន Pointer Property ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការលក់គម្រោងបានប្រាប់ Propertyarea.asia កាលពីចុងខែតុលាកន្លងមកថា គម្រោង Bakong Village ជាផ្នែកមួយទីក្រុងរណបថ្មី របស់ខេត្តសៀមរាបស្ថិតលើផ្ទៃ ៤,៧ ហិកតា ហើយលំនៅឋាន៣៥០យូនីត ដែលមានប្រភេទធំៗដូចជាផ្ទះអាជីវកម្មនៅតាមផ្លូវ៦០ម៉ែត្រ និងជុំវិញផ្សារ និងផ្ទះប្រភេទវីឡានៅខាងក្នុង។
គម្រោងទីក្រុងរណប មានទីតាំងស្ថិតនៅឃុំអំពិល ស្រុកប្រសាទបាគង ខេត្តសៀមរាប និងទីតាំងមានចម្ងាយ៥គីឡូម៉ែត្រពីបូរីរដ្ឋបាល។
លោកងួន ឆាយលាងបានឱ្យដឹងថា “ដំណាក់អភិវឌ្ឍន៍កំពុងស្ថិតក្នុងការសិក្សានៅឡើយ តែដំណាក់ទីមួយនេះ គឺយើងចាប់ផ្តើមពីគម្រោងភូមិបាគងនេះ ហើយនៅត្រីមាសទី២ឆ្នាំក្រោយ ទើបយើងបង្ហាញពី Master Plan របស់ក្រុងថាតើមានប៉ុន្មានដំណាក់កាល ហើយយើងធ្វើអ្វីខ្លះ។ ដំណាក់ទីមួយគឺមានទុនវិនិយោគជាង៣៥លានដុល្លារ”។
ក្នុងទីក្រុងរណបទាំងមូល មានផ្ទៃដីរហូតទៅដល់២១៥ហិកតា និងមានគម្រោងអភិវឌ្ឍន៍ផ្សេងៗទាក់ទងវិស័យទេសចរណ៍ វិស័យធុរកិច្ច វិស័យអប់រំ និងការរស់នៅលក្ខណៈប៉ៃតង។ នេះជាផែនការមួយដែលសិក្សាដោយក្រុមហ៊ុន ULS សហការជាមួយនឹងក្រុមហ៊ុន Belt Road Capital Management (BRCM) ហើយមានអ្នកគូសប្លង់មេជាជនជាតិដាណឺម៉ាក់ ដែលមានបទពិសោធន៍ជាង២០ឆ្នាំ។
លោកឆាយលាង មានប្រសាសន៍ថា“បច្ចុប្បន្ននេះ យើងចាប់ផ្តើមដាក់លក់គម្រោងដំណាក់ទីមួយបណ្តើរៗហើយ ហើយយើងរង់ចាំការសាងសង់ផ្ទះគំរូរួចនៅខែ ធ្នូ ខាងមុខនេះ។ យើងនឹងចាប់ផ្តើមធ្វើការសម្ភោធជាផ្លូវការ”។
អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា វិស័យអចលនទ្រព្យខេត្តសៀមរាបទទួលបានការចាប់យ៉ាងខ្លាំង ពីសំណាក់អ្នកក្នុងស្រុក និងអន្តរជាតិ។
លោកហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប បានថ្លែងក្នុងសិក្ខាសាលាស្វែងយល់ពីគម្រោងអភិវឌ្ឍន៍ នៅខេត្តសៀមរាបថា វិស័អចលនទ្រព្យនៅខេត្តកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ខណៈឃើញមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងហូរចូលក្នុងខេត្តមួយនេះ។
លោកមានប្រសាសន៍ថា “គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានបាញ់ឆ្ពោះទៅកាន់ទិសខាងកើតនៃខេត្តសៀមរាប ដូច្នេះធ្វើឱ្យមានកំណើនអចលនទ្រព្យនៅទិសខាងកើត”។
ក្រុមហ៊ុនអភិវឌ្ឍន៍ Urban Living Solutions ត្រូវបង្កើតឡើងដោយលោក គាន គឹមលាង ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន ULS អភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មដែលផ្តោតទៅលើសហគមន៍ និងយកការរស់នៅ របស់មនុស្សជាគោល។ បន្ទាប់ពីចំណាយពេលជាងមួយទសវត្ស នៅសហរដ្ឋអាមេរិច លោកគឹមលាង មានបំណងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ និងពោរពេញដោយគំនិតច្នៃប្រឌិត ដែលអាចឲ្យប្រជាជនខ្មែរជីវភាពមធ្យមអាចមានលទ្ធភាពទិញបាន៕