កម្ពុជា​-សិង្ហបុរី​ គ្រោង​រៀបចំ​មហោស្រព​សិល្បៈ​តាម​ដង​វិថី​នា​ដើមឆ្នាំ២០២០​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រសួងទេសចរណ៍​កម្ពុជា​ និង​ស្ថាប័ន​ទេសចរណ៍​សិង្ហបុរី​ បាន​រៀបចំ​គម្រោង​ធ្វើ​មហោស្រព​សិល្បៈ​នៅ​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​នៅដើម​ឆ្នាំ២០២០ខាងមុខ​ ដើម្បី​ជា​ការ​អបអរសាទរ​ និង​រំលឹក​ខួប​លើក​ទី៥៥​ នៃ​កិច្ច​ទំនាក់​ទំនាក់​ការទូត​រវាង​ប្រទេស​ទាំង២​ ក៏ដូចជា​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​នានា​មកកាន់​កម្ពុជា​ផង​ដែរ​។

ជា​ការ​អបអរសាទរ​ខួប​លើក​ទី៥៥​ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​សិង្ហបុរី​ ចាប់ពី​ឆ្នាំ១៩៦៥​-២០២០​ ឱ្យ​កាន់តែ​អធិកអធម​ប្រកបដោយ​អត្ថន័យ​នោះ​ ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍​ ក្នុង​ការរៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​នោះ​គឺ​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​» នៅ​រាជធានី​ភ្នំពេញ​ នា​កំឡុង​ខែកុម្ភៈ​ ឆ្នាំ២០២០​ ខាងមុខនេះ​។

លោក​ តាន់​ មី​ឆា​អ៊ែល​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ បាន​លើកឡើង​នៅក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ កាល​ពី​រសៀស​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ថា​ ស្ថានទូត​របស់​លោក​មានបំណង​ចង់​រៀបចំ​ឱ្យ​មាន​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​ ឬហៅ​ថា​ Street​ Art​ Festival​» នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​អបអរសាទរ​ខួប​លើក​ទី៥៥​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សិង្ហបុរី​ ដោយ​សុំ​កិច្ចសហការ​ពីសំណាក់​ក្រសួងទេសចរណ៍​ និង​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​របស់​កម្ពុជា​។

លោក​ តាន់​ មី​ឆា​អ៊ែល​ បាន​បញ្ជាក់​ថា​ “ព្រឹត្តិ​ការណ៍​មហោស្រព​នេះ​ ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ទូទាំង​ក៏អាច​ចូលលេង​កម្សាន្ត​ ទស្សនា​សិល្បៈ​ចម្រុះ​ ទទួលទាន​អាហារ​ និង​ភេសជ្ជៈ​ គូរ​គំ​នូ​លើ​ជញ្ជាំង​ដែលគេ​រៀបចំ​ទុក​សម្រាប់​គូ​គំនូ​ ព្រមទាំង​មានកម្ម​វិធី​កម្សាន្ត​ផ្សេង​ៗទៀត​ជាច្រើន​។

ប្រសិនបើ​ការរៀបចំ​មហោស្រព​នេះ​ទទួល​បាន​ជោគជ័យ​ ស្ថានទូត​សិង្ហបុរី​នឹង​បន្ត​កិច្ចសហការ​រៀបចំ​នៅ​តាម​បណ្ដា​ខេត្ត​សំ​ខាន់​ៗផ្សេងទៀត​ ដូចជា​ ខេត្តសៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្តបាត់ដំបង​ជាដើម​”។

ជាមួយនឹង​គម្រោង​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​បំណង​ចង់​រៀបចំ​ «មហោស្រព​សិល្បៈ​តាម​ដង​វិថី​» ខាងលើ​នេះ​ ដោយ​បាន​ចាត់​ឱ្យ​លោក​ ប៉ាក់​ សុខុម​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​ស្ថានទូត​សិង្ហបុរី​ និង​ក្រសួងវប្បធម៌​ ធ្វើ​យ៉ាងណា​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​ ការរៀបចំ​ឱ្យ​មាន​មហោស្រព​សិល្បៈ​តាម​ដង​វិថី​ ក៏ដូចជា​ការរៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​ផង​នោះ​ ក៏​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​និង​កំពុង​ជំរុញ​ឱ្យ​ការរៀបចំ​ «វិថី​ម្ហូបអាហារ​ ឬ Food​ Street​ និង​ម្ហូបអាហារ​តាម​ដង​វិថី​ ឬ Street​ Food​» ហើយក៏​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ចាំបាច់​ណាស់​ដែរ​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​គោលដៅ​នានា​ ពីព្រោះ​ភ្ញៀវ​ទេសចរ​មិនគ្រាន់​តែ​ដើរកម្សាន្ត​ប៉ុណ្ណោះ​ តែ​ក៏​មានការ​ទទួល​អាហារ​ ភេសជ្ជៈ​ និង​ត្រូវការ​សេវាកម្ម​ផ្សេងទៀត​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ក៏​នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ និង​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ថែម​ទៀត​ ព្រមទាំង​ជា​មេដែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​។ បើ​តាម​ការ​បង្ហើប​របស់​ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ ក៏​នឹង​មាន​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​-អន្តរជាតិ​ ចូលរួម​ផ្សព្វផ្សាយ​ពី​មហោស្រព​នេះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here