ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទេសចរណ៍សិង្ហបុរី បានរៀបចំគម្រោងធ្វើមហោស្រពសិល្បៈនៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញនៅដើមឆ្នាំ២០២០ខាងមុខ ដើម្បីជាការអបអរសាទរ និងរំលឹកខួបលើកទី៥៥ នៃកិច្ចទំនាក់ទំនាក់ការទូតរវាងប្រទេសទាំង២ ក៏ដូចជាបង្កើនភាពទាក់ទាញទេសចរនានាមកកាន់កម្ពុជាផងដែរ។
ជាការអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ចាប់ពីឆ្នាំ១៩៦៥-២០២០ ឱ្យកាន់តែអធិកអធមប្រកបដោយអត្ថន័យនោះ ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏ធំមួយនោះគឺ «មហោស្រពសិល្បៈតាមដងវិថី» នៅរាជធានីភ្នំពេញ នាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
លោក តាន់ មីឆាអ៊ែល ឯកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីរសៀសថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ថា ស្ថានទូតរបស់លោកមានបំណងចង់រៀបចំឱ្យមាន «មហោស្រពសិល្បៈតាមដងវិថី ឬហៅថា Street Art Festival» នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដោយសុំកិច្ចសហការពីសំណាក់ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា។
លោក តាន់ មីឆាអ៊ែល បានបញ្ជាក់ថា “ព្រឹត្តិការណ៍មហោស្រពនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទូទាំងក៏អាចចូលលេងកម្សាន្ត ទស្សនាសិល្បៈចម្រុះ ទទួលទានអាហារ និងភេសជ្ជៈ គូរគំនូលើជញ្ជាំងដែលគេរៀបចំទុកសម្រាប់គូគំនូ ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។
ប្រសិនបើការរៀបចំមហោស្រពនេះទទួលបានជោគជ័យ ស្ថានទូតសិង្ហបុរីនឹងបន្តកិច្ចសហការរៀបចំនៅតាមបណ្ដាខេត្តសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម”។
ជាមួយនឹងគម្រោងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចង់រៀបចំ «មហោស្រពសិល្បៈតាមដងវិថី» ខាងលើនេះ ដោយបានចាត់ឱ្យលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធសហការជាមួយស្ថានទូតសិង្ហបុរី និងក្រសួងវប្បធម៌ ធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អប្រសើរ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការរៀបចំឱ្យមានមហោស្រពសិល្បៈតាមដងវិថី ក៏ដូចជាការរៀបចំពិព័រណ៍ម្ហូបអាហារផងនោះ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជំរុញឱ្យការរៀបចំ «វិថីម្ហូបអាហារ ឬ Food Street និងម្ហូបអាហារតាមដងវិថី ឬ Street Food» ហើយក៏ជាផលិតផលទេសចរណ៍ដ៏សំខាន់ចាំបាច់ណាស់ដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរពីគោលដៅនានា ពីព្រោះភ្ញៀវទេសចរមិនគ្រាន់តែដើរកម្សាន្តប៉ុណ្ណោះ តែក៏មានការទទួលអាហារ ភេសជ្ជៈ និងត្រូវការសេវាកម្មផ្សេងទៀតដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍ខាងលើនេះក៏នឹងចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត ព្រមទាំងជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា។ បើតាមការបង្ហើបរបស់ឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏នឹងមានក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយពីមហោស្រពនេះផងដែរ៕