ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានលើលឡើងថា ដីធ្លីនៅក្នុងតំបន់បឹងកក់នាពេលបច្ចុប្បន្ននេះ មានតម្លៃចាប់ពី ៣៥០០ ទៅ ៤២០០ដុល្លារសហរដ្ឋអាមរិក ក្នុងមួយម៉ែត្រការ៉េ ដោយសារតំបន់នេះជាតំបន់ពាណិជ្ជកណ្តាលនៅក្នុងរាជធានីភ្នំពេញ។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល២ទៅ៣ឆ្នាំ ទៅមុខទៀត ដីតំបន់បឹងកក់នេះ នឹងមានតម្លៃរហូតដល់៥០០០ ទៅ៦០០០ ដុល្លារសហរដ្ឋអាមេរិកដូចតំបន់បឹងកេងកង ព្រោះជាតំបន់ដែលមានការអភិវឌ្ឍន៍ និងមានការរីកចម្រើនខ្លាំងជាងក្នុងតំបន់នានាក្នុងរាជភ្នំពេញ។
លោកស្រីបន្តថា “តម្លៃដីនៅតំបន់នេះនឹងកើនឡើងខ្ពស់បន្ថែមទៀត ដោយសារហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើកនាពេលអនាគត”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងថា តំបន់បឹងកក់នឹងក្លាយជាតំបន់ពាណិជ្ជកម្មទំនើបបំផុត ក្នុងរាជធានីភ្នំពេញក្នុងរយៈពេល ២ឆ្នំាទៅមុខទៀត ក្នុងចំណោមតំបន់ក្នុងរាជធានីភ្នំពេញ។លោកថា តំបន់បឹងកក់គឺជាតំបន់ ដែលមានសក្តានុពលខ្ពស់បំផុត ក្នុងចំណោមតំបន់នានាក្នុងរាជធានីភ្នំពេញដោយសារតែតំបន់នេះ មានគម្រោងវិនិយោគជាច្រើន ហេដ្ឋាចរនាសម្ព័ន្ធល្អ អគារពាណិជ្ជកម្ម និងលំនៅដ្ឋានដ្ឋានជាច្រើនផងដែរ។
លោកបន្តថា “បើទោះបីតំបន់នេះ ជាតំបន់ថ្មីក៏ដោយក៏គ្មានអ្វីជាបញ្ហាប៉ះពាល់ដល់ការអភិវឌ្ឍន៍អគារផ្សេងផ្សេងឡើយ មិនដូចជាការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ”៕