ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានកំពុងប្រតិបត្ដិការអាជីវកម្មមានចំនួន ៤៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកមានចំនួន៦ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានចំនួន៤១ក្រុមហ៊ុន។ ចំណែកអាកាសយានស៊ីវិលដែលបានចុះបញ្ជីប្រតិបត្ដិការអាជីវកម្មសរុបមានចំនួន១២គ្រឿង។
លោកជា អូន រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល” ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០កន្លមកបានឱ្យដឹងថា ក្រៅពីនេះនៅមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀត ដែលបាននឹងកំពុងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិការហោះហើ (AOC) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីដំណើរការហោះហើរដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក និងក្រៅស្រុកនៅកម្ពុជា។
លោកបន្តថា “បច្ចុប្បន្នមានប្រទេសចំនួន៤៦ បានចុះហត្ថលេខាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ចុះហត្ថលេខាអនុស្សារណៈយោគយល់ និងឯកភាពជាគោលការណ៍ខ្លឹមសារនៃកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជា។
លោកស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យអាកាសចរណ៍ បានទទួលនូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺ COVID-19 ហើយត្រូវបានលើកលែងការបង់ពន្ធអប្បបរមាចំនួន១០ភាគរយ សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២០ដែលគ្មានការតម្រូវឲ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនោះទេ។
លោកបន្តថា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុកណាមួយរបស់កម្ពុជា ប្រកាសក្ស័យធនដោយសារ Covid-19 ឡើយ ខណៈយោងតាមស្ថិតិបានឲ្យដឹងថា បន្ទាប់ពីកើតមានជំងឺកូវីដ១៩នេះ ក្នុងខែមករាឆ្នាំ២០២០ ភ្ញៀវមានការថយចុះជាមធ្យមប្រមាណ២០ភាគរយ។ កាលពីខែកុម្ភៈមានការថយចុះប្រមាណ៥០ភាគរយ នៅក្នុងខែមីនាថយចុះជាង៧០ភាគរយ ហើយចំពោះខែមេសានេះ មានការថយចុះ រហូតដល់ជាង៩០ភាគរយ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ។
យោងតាមរបាយការណ៍របស់រដ្ឋលេខារដ្ឋាន អាកាសចរស៊ីបានឱ្យបង្ហាញថា គិតត្រឹមបំណាច់ឆ្នាំ២០១៩ ចំនួនអ្នកដំណើរសរុប១១,៦៣៤,៩៥៣នាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិចំនួន១០,២៦០,៥៨២នាក់ និងអ្នកដំណើរក្នុងស្រុកចំនួន១,២៩៣,៩៨២នាក់។ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសសរុបមានចំនួន៧៨,៩៥៩តោន ក្នុងនោះការដឹកជញ្ជូនទំនិញជាអន្តរជាតិមានចំនួន៧៧,៦៤៥តោន និងការដឹកជញ្ជូនទំនិញក្នុងស្រុកមានចំនួន១,៣១៤ តោន។
ចំនួនជើងហោះហើរសរុប១៣៣,៨៣៥លើក ក្នុងនោះជើងហោះហើរអន្តរជាតិចំនួន៤៥,៦១០លើក ជើងហោះហើរក្នុងស្រុកចំនួន១៥,០៩២លើក និងជើងហោះហើរឆ្លងកាត់ដែនអាកាសរបស់ប្រទេសកម្ពុជាមានចំនួន៧៣,១៣៣លើក៕