ដោយ ហ្សូលី
ភ្នំពេញ៖ ប្រាសាទអង្គរវត្តដែលស្ថិតក្នុងខេត្តសៀមរាបទទួលបានប្រាក់ចំណូលត្រឹមតែ ១៧,៩៥ លានដុល្លារអាមេរិក ប៉ុណ្ណោះ ពីការលក់សំបុត្រចូលទស្សនាក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ២០២០នេះ។ នេះបើតាមឱ្យដឹងពិសេចក្តីប្រកាសព័ត៌មានដែលត្រូវបានចែករំលែកជាសាធារណៈដោយគ្រឹះស្ថានអង្គរនៅថ្ងៃតី ០១ ឧសភា ឆ្នាំ ២០២០នេះ។
គ្រឹះស្ថានអង្គរដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលអង្គរបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រាក់ចំណូលដែលរកបានពីការលក់សំបុត្រទស្សនាប្រាសាទអង្គរនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងជិត ៦០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ចំនួនសំបុត្រត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ៣៨៤.៣១៧ នាក់ដែលធ្លាក់ចុះ ៦០.៥១ ភាគរយ ដោយបន្ថែមថា ប្រាក់ចំណូលប្រមាណជាង ៧៦ ម៉ឺនដុល្លារត្រូវបានបរិច្ចាគទៅមូលនិធិគន្ធបុប្ផានៅកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-19។
កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពិផលប៉ះពាល់នៃជំងឺ Covid-19 លើវិស័យទេសចរណ៍អាស៊ាន តាមរយៈវីដេអូ Video Conference ដើម្បីស្វែងរកដំណោះស្រាយ រៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពជួយសង្ក្រោះវិស័យទេសចរណ៍នៅចំពោះមុខ។ ជាពិសេសគ្រោងផែនការស្តារឡើងវិញបន្ទាប់ពីវិបតិ្តជំងឺឆ្លងនេះកន្លងផុតទៅ៕