ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អភិបាលខេត្តកែបបានអះអាងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 កន្លងមក ពោលមានរយៈពេល៤ខែនៃឆ្នាំ ២០២០នេះ ខេត្តកែបមិនទទួលគម្រោងវិនិយោគលើវិស័យលំនៅដ្ឋានប្រណិតនោះទេ ខណៈគម្រោងសាងសង់លំនៅដ្ឋានតូចៗរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នៅតែមានធម្មតា។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានគេហទំព័រ propertyarea.asia នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ គម្រោងលំនៅដ្ឋាន និងអគារកំពស់ចាប់ពីពីរជាន់ឡើងនៅក្នុងខេត្តមិនមាននោះទេ ដូចទៅនឹងបណ្តាខេត្តក្រុងរបស់ប្រទេសកម្ពុជាមួយចំនួនផងដែរ។
លោកបន្តថា “យើងដឹងហើយថាចាប់ពីមានការផ្ទុះឡើងនូវជំងឺ Covid-19 នៅក្នុងខែមករា ដើមឆ្នាំ ២០២០ ក្នុងប្រទេសកម្ពុជា និងបន្តបន្ទាប់មកនៅក្នុងខែមីនាក៏មានការឆ្លងនូវជំងឺនៅក្នុងខេត្តចំនួន ៤នាក់ទៀត ហើយរហូតមកដល់ពេលនេះ គឺស្ងប់ស្ងាត់ ខណៈខេត្តក៏នៅតែមានការប្រុងប្រយ័ត្ននៅឡើយដែរ” ។
លោកអភិបាលខេត្តរូបបន្ថែមថា “ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋរបស់យើងនៅតែបន្តសាងសង់លំនៅដ្ឋានធម្មតា ជាលក្ខណៈនៅក្នុងស្រុកដែលមិនមែនជាលក្ខណៈកម្រិតដែលមានគម្រោងជាន់ខ្ពស់ៗនោះទេ ។ ប្រជាពលរដ្ឋ(គាត់)សាងសង់លំនៅដ្ឋាននៅក្នុងកម្រិតតូចៗ ឬ/អាជីវកម្មតូចៗ នៅក្នុងបច្ចេកទេសទាប” ។
អគ្គនាយកក្រុមហ៊ុន Easy Property Investment Co ., Ltd លោក ម៉ម សិរីបញ្ញា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ទោះជាខេត្តនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ទៅលើវិស័យទេសចរណ៍ តែលោកមិនទាន់ មានឃើញការសាងសង់ លំនៅដ្ឋានកំម្រិតខ្ពស់ សណ្ឋាគារ ឬផ្ទះសំណាក់ថ្មី សម្រាប់ទទួលភ្ញៀវទេសចរ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តែនៅពេលអនាគត នឹងអាចមានអគារថ្មីៗបន្ថែមទៀត ។
បើតាមអភិបាលខេត្តកែប ក្នុងគោលដៅធនាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងកែប ដោយមានការគាំទ្របច្ចេកទេសពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ ២០៣០ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងតម្រង់ទិស អភិវឌ្ឍន៍ដែនដីក្រុង ស្របតាមចក្ខុវិស័យ និងគោលនយោបាយជាតិស្តីពីការរៀបចំដែនដីកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនផ្សេងទៀត។
យោងតាមរបាយការណ៍របស់ខេត្តកែប បង្ហាញថា ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានស្ថានភាពផ្ទៃដីចែកចេញតំបន់ភ្នំ ជម្រាលភ្នំ តំបន់មាត់សមុទ្រ សមុទ្រ និងកោះ មានចំងាយប្រមាណ ១៧៥ គីឡូម៉ែទ្រពីរាជធានីភ្នំពេញ ។ ខេត្តជាប់មាត់សមុទ្រមួយននេះមានផ្ទៃដីគោកទំហំ ១៨៧,២៤ គីឡូម៉ែត្រក្រឡា និងមានផ្ទៃសមុទ្រដែលមានកោះចំនួន ១៣ មានប្រជាពលរដ្ឋជិត ១ម៉ឺនគ្រួសារ និង មនុស្សសរុបចំនួនជាង៤២ ម៉ឺននាក់៕