ខេត្ត​កែប​មិនទាន់​ទាក់ទាញ​គម្រោង​វិនិយោគ​លំនៅដ្ឋាន​ប្រណិត​នៅឡើយ​ទេ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អភិបាលខេត្ត​កែប​បាន​អះអាងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 កន្លងមក ពោល​មាន​រយៈពេល៤ខែ​នៃ​ឆ្នាំ ២០២០នេះ ខេត្ត​កែប​មិន​ទទួល​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន​ប្រណិត​នោះទេ ខណៈ​គម្រោង​សាងសង់​លំនៅដ្ឋានតូចៗរបស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នៅតែមាន​ធម្មតា។

ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកយកព័ត៌មាន​គេហទំព័រ propertyarea.asia នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ  លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ឱ្យដឹងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ ១៩ គម្រោង​លំនៅដ្ឋាន និង​អគារ​កំពស់​ចាប់ពី​ពីរ​ជាន់ឡើង​នៅក្នុង​ខេត្ត​មិនមាន​នោះទេ ដូច​ទៅនឹង​បណ្តា​ខេត្ត​ក្រុង​របស់​ប្រទេស​កម្ពុជា​មួយចំនួន​ផងដែរ។

លោក​បន្តថា “យើង​ដឹង​ហើយ​ថា​ចាប់ពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 នៅក្នុង​ខែមករា ដើមឆ្នាំ ២០២០ ក្នុងប្រទេស​កម្ពុជា និង​បន្ត​បន្ទាប់មក​នៅក្នុង​ខែមីនា​ក៏មាន​ការឆ្លង​នូវ​ជំងឺ​នៅក្នុង​ខេត្ត​ចំនួន ៤នាក់​ទៀត ហើយ​រហូតមក​ដល់ពេលនេះ គឺ​ស្ងប់ស្ងាត់ ខណៈ​ខេត្ត​ក៏​នៅតែមាន​ការប្រុងប្រយ័ត្ន​នៅឡើយ​ដែរ” ។

លោក​អភិបាលខេត្ត​រូប​បន្ថែមថា “ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​នៅតែ​បន្ត​សាងសង់​លំនៅដ្ឋាន​ធម្មតា ជា​លក្ខណៈ​នៅក្នុង​ស្រុក​ដែល​មិនមែនជា​លក្ខណៈ​កម្រិត​ដែលមាន​គម្រោងជាន់ខ្ពស់ៗនោះទេ ។ ប្រជាពលរដ្ឋ(គាត់)សាងសង់​លំនៅដ្ឋាន​នៅក្នុង​កម្រិតតូចៗ ឬ/អាជីវកម្មតូចៗ នៅក្នុង​បច្ចេកទេស​ទាប” ។

អគ្គនាយក​ក្រុមហ៊ុន Easy Property Investment Co ., Ltd លោក ម៉ម សិរី​បញ្ញា បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះ​ថា ទោះជា​ខេត្ត​នេះ កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ទេសចរណ៍ តែ​លោក​មិនទាន់ មាន​ឃើញ​ការសាងសង់ លំនៅដ្ឋាន​កំ​ម្រិ​ត​ខ្ពស់ សណ្ឋាគារ ឬ​ផ្ទះសំណាក់​ថ្មី សម្រាប់​ទទួលភ្ញៀវ​ទេសច​រ នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ តែ​នៅពេល​អនាគត នឹង​អាចមាន​អគារថ្មីៗបន្ថែមទៀត ។

បើតាម​អភិបាលខេត្ត​កែប ក្នុង​គោលដៅ​ធនា​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ក្រុងកែប ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុងកែប ចក្ខុវិស័យ​ឆ្នាំ ២០៣០ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​តម្រង់ទិស អភិវឌ្ឍន៍​ដែនដី​ក្រុង ស្របតាម​ចក្ខុវិស័យ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​កម្ពុជា និង​គោលនយោបាយ​តាម​វិស័យសំខាន់ៗជាច្រើន​ផ្សេងទៀត។

យោងតាម​របាយការណ៍​របស់​ខេត្ត​កែប បង្ហាញថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ មាន​ស្ថានភាព​ផ្ទៃដី​ចែកចេញ​តំបន់ភ្នំ ជម្រាលភ្នំ តំបន់​មាត់សមុទ្រ សមុទ្រ និង​កោះ មាន​ចំងាយ​ប្រមាណ ១៧៥ គីឡូ​ម៉ែ​ទ្រ​ពី​រាជធានី​ភ្នំពេញ ។ ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​ន​នេះ​មាន​ផ្ទៃ​ដីគោក​ទំហំ  ១៨៧,២៤ គីឡូម៉ែត្រ​ក្រឡា  និង​មាន​ផ្ទៃសមុទ្រ​ដែលមាន​កោះ​ចំនួន ១៣ មាន​ប្រជាពលរដ្ឋ​ជិត ១ម៉ឺន​គ្រួសារ និង មនុស្ស​សរុប​ចំនួន​ជាង៤២ ម៉ឺន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here