ដោយ ហ្សូលី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានកំណត់ដីព្រៃជិត៣.៥០០ហិកតា នៅភាគពាយ័ព្យខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាតំបន់បេតិកភណ្ឌធម្មជាតិ។
ការកំណត់នេះ គឺក្នុងគោលបំណងដើម្បីការពារជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិនៅកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។
យោងតាមអនុក្រឹត្យចំនួនប្រាំបួន ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះបញ្ជីទីតាំងបេតិកភណ្ឌធម្មជាតិ ដែលទើបនឹងបង្កើតថ្មីចំនួន ៣ នៅក្នុងខេត្តបាត់ដំបងគឺ ភ្នំប្រាំពីរមានផ្ទៃដី៣៥៤ហិកតា ភ្នំទៀត្រិង (៧៩,៨ ហិកតា) និងភ្នំគីរីយ៉ង (៩៨៤,៣ ហិកតា) ។
ចំណែកឯភ្នំចំនួន៦ទៀត នៅខេត្តបន្ទាយមានជ័យ ក៏ត្រូវបានចុះបញ្ជីផងដែររួមមាន៖ ភ្នំព្រះ – ភ្នំវែង (១៥០០ ហិកតា) ភ្នំស្វាយ (១៦ ហិកតា) ភ្នំបាក់ (៣៦ ហិកតា) ភ្នំជុនឆេង (១៩ ហិកតា) ភ្នំព្រះនេត្រព្រះ (១៣ ហិកតា) និងភ្នំយាយសំ (៤១៦ ហិកតា) ។
ការកំណត់តំបន់ភ្នំទាំង៩ ជាតំបន់បេតិកភណ្ឌធម្មជាតិនេះ គឺយោងតាមអនុក្រឹត្យព្យាយាមអភិរក្ស និងការពារធនធានធម្មជាតិដ៏សំបូរបែប របស់កម្ពុជានិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
អនុក្រឹត្យនេះបានលើកឡើងថា“ វាលើកទឹកចិត្តឱ្យមានការចូលរួម ពីសហគមន៍មូលដ្ឋាន ក៏ដូចជា សាធារណៈជនក្នុងការចូលរួមចំណែក ក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិនិងវប្បធម៌បែបនេះនៅក្នុងតំបន់” ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួងនឹងឃ្លាំមើលការអនុវត្តអនុក្រឹត្យ ជាពិសេសការការពារការទន្ទ្រានយកដី និងបទល្មើសព្រៃឈើដទៃទៀត។
លោកថា“ តំបន់ទាំងនោះមិនត្រឹមតែជាកន្លែង សំបូរទៅដោយសត្វព្រៃ និងធនធានធម្មជាតិដ៏ទៃទៀតប៉ុណ្ណោះទេ វាថែមទាំងតំណាងឱ្យបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ និងសក្តានុពលទេសចរណ៍របស់ប្រទេសផងដែរ” ។
បច្ចុប្បន្ននេះ ក្រសួងកំពុងត្រួតពិនិត្យនិងគ្រប់គ្រងតំបន់អភិរក្ស និងជីវចម្រុះដែលមានចំនួនជាង៦០កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីជាង៧,២លានហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបនៅក្នុងប្រទេស។ Xinhua