គម្រោង​លើ​កកម្ពស់​ផ្លូវជាតិ​លេខ៤១ បាន​ចរចា​ប្រាក់កម្ចី​រួចរាល់​ហើយ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គ្រោង​បើក​ការ​រដ្ឋា​ន​ស្ថាបនា​លើកកម្ពស់​ផ្លូវជាតិ​លេខ៤១ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤  ទៅកាន់​ផ្លូវជាតិ​លេខ៣នៅ​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ ខណៈ​ការចរចា​ប្រាក់កម្ចី​យកមក​ស្ថាបនា​ផ្លូវ​នេះ​បានបញ្ចប់​ហើយ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា សម្រាប់​ផ្លូវជាតិ​លេខ៤១នេះ ក្រសួង​បាន​ចរចា​ប្រាក់កម្ចី​រួចហើយ  នៅឡើយ​តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា​យកប្រាក់​ទាំង​នេះ​មក​ស្ថាបនា​ប៉ុណ្ណោះ ។

លោក​ទេសរដ្ឋមន្ត្រី​ថា “ប្រាក់កម្ចី​បាន​ចរចា​រួចហើយ ខ្ញុំ​សង្ឃឹមថា​នៅក្នុង​ឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើប​អាច​បើក​រដ្ឋា​ន​ស្ថាបនា​បាន​ដោយ​ចាក់​ជា​ប្រភេទ AC “ ។

លោក​បន្តថា គម្រោង​ទាំងបី រួមមាន គម្រោង​ផ្លូវ៤១នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៤ មក​លេខ៣ ។ គម្រោង​ផ្លូវ​លេខ៣១ពី​តំបន់​បាយ​គូស ចូលមក​ស្រុក​កំពង់ត្រាច។គម្រោង​ផ្លូវ​លេខ៣៣ពី​កំពត មក​ខេត្ត​កែប បាន​ចរចា​ចប់សព្វគ្រប់​អស់ហើយ ចាំតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​ចុះហត្ថលេខា​លើ​ប្រាក់កម្ចី​នេះ។

លោក​បន្តថា “អញ្ចឹង​ពេលណា​វា​អាស្រ័យ​លើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ពេល​ចុះហត្ថលេខា​ហើយ​ទើប​បើក​ការដ្ឋាន​បាន” ។

ផ្លូវជាតិ​លេខ៤១ ឆ្លងកាត់​កំពង់ស្ពឺ តាកែវ និង​កំពត កន្លងមក​បាន​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់ ខណៈដែល​ផ្លូវជាតិ​លេខ៤បាន​ផ្អាក​ចរាចរណ៍ខ្លះៗ ដោយសារ​ការ​ជន់​លិច​កាលពី​ឆ្នាំ២០១៨ ។

ផ្លូវជាតិ​លេខ៤១ មាន​ប្រវែង​ជាង៩៥គីឡូម៉ែត្រ ដោយ​រាប់​ចាប់ពី​ថ្នល់ទទឹង​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ៤  ដល់​ស្រុក​ជុំ​គិរី​ត្រូវបាន​ស្ថាបនា​ម្តង​រួចហើយ កាលពី​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ជា​ប្រភេទ​ផ្លូវ​ក្រាល​ថ្ម ចាក់​កៅស៊ូ២ជាន់​ប្រភេទ DBST ដែល​បាន​ចំណាយ​ថវិកា​សរុប ប្រមាណ៤៦លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​ស្ថាបនា​ចំនួន៤០ខែ បញ្ចប់​នៅ​ឆ្នាំ២០១៤ ។

នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១ នាពេល​បច្ចុប្បន្ននេះ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល និង​កំពុង​ទាក់ទាញ​លើ​ការវិនិយោគ​លើ​គម្រោង​ជាច្រើន រួមមាន គម្រោង​បង្កើត​រោងចក្រ សហគ្រាស សិប្បកម្ម ឃ្លាំង និង​គម្រោង​ដី​ឡូ​តិ៍ ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋាភិបាល ហើយ​ក៏មាន​គម្រោង​អភិវឌ្ឍន៍ វិស័យ​លំនៅដ្ឋាន​តម្លៃ​កម្រិត​មធ្យម និង​ក្រោម​មធ្យម​ផងដែរ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បានទទួល​ស្គា​ល់ពី​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅ​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ៤១ ដោយ​លោក​បាន​អះអាងថា ភាគច្រើន​គម្រោង​នៅ​តំបន់​នេះ ជា​គម្រោង​បង្កើត​ទីតាំង​រោងចក្រ​ច្រើនជាង​លំនៅដ្ឋាន។  លោក​បន្តថា នៅ​តំបន់​ហ្នឹង​ភាគច្រើន​ជា​គម្រោង​រោងចក្រ និង​សិប្បកម្ម​កម្រិត​តូច និង​មធ្យម ហើយ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន នៅ​មិនទាន់មាន​លក្ខណៈ​ធំដុំ​នៅឡើយ​នោះទេ។

លោក​បាន​បន្តទៀតថា តាម​ការស្នើសុំ​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក៏ដូចជា​ការសម្រេច​អនុម័ត​របស់​រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC កាលពីពេល​កន្លងទៅនេះ ភាគច្រើន​រោងចក្រ ដែល​ទៅ​តាំង​នៅតាម​តំបន់​ផ្លូវ​លេខ៤១ ជា​រោងចក្រ​ផលិត​ស្បែកជើង រោងចក្រ​ផលិត​កាបូប រោងចក្រ​ផលិត​គ្រឿង​បង្គុំ និង​រោងចក្រ​ផលិត​គ្រឿង​បរិក្ខា​អគ្គិសនី ហើយ​ក្រៅពីនេះ​ជា​ប្រភេទ​សិប្បកម្ម​កម្រិត​តូច និង​មធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here