តើ​ខេត្ត​នៅ​តំបន់ឆ្នេរ​ទាំង៤មាន​លំហូរ​ទុនវិនិយោគ​វិស័យ​សំណង់​ និងអចលនទ្រព្យ​ដូចម្តេច?

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ខេត្ត​ដែលជា​តំបន់ឆ្នេរ​ចំនួន៤ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប (K4) កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ទៅលើ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានផ្តល់​អនុសាសន៍​ឲ្យ​ខេត្ត​ទាំង​បួន​ពង្រឹង និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​កាន់​តែមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ និង​រីកចម្រើន​កាន់តែ​ឆាប់រហ័ស​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ខេត្តកំពត

រយៈពេល​ត្រឹម១ឆ្នាំ ខេត្តកំពត​ទទួលបាន​គម្រោង​វិនិយោគ សរុប​ប្រមាណ​ជាង ៣០លាន​ដុល្លារ ដែល​អនុវត្ត​ទៅលើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នានា។ បើសិនជា​ប្រៀបធៀប​កាលពីឆ្នាំមុនៗ ខេត្តកំពត​មាន​កំណើន​ដល់​ទៅ៨០ភាគរយ ក្នុង​សន្ទុះ​រីកចម្រើន​ទៅលើ​វិស័យនេះ។

បើតាម​ឱ្យដឹងពី​អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា វិស័យ​អចលនទ្រព្យ និង​សំណង់​មានការ​រីកចម្រើន​ខ្លាំងណាស់ នៅ​ទូទាំង​ខេត្តកំពត ព្រោះ​មាន​អ្នក​ចំណូល​ថ្មី​ច្រើន មក​វិនិយោគ​លើ​គម្រោង​សាងសង់ លំនៅដ្ឋាន​បែប​លំហែកាយ និង​លំនៅដ្ឋាន​ទេសចរណ៍។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​និង​អភិវឌ្ឍ​លំនៅដ្ឋាន លោក​ឧកញ៉ា​នួន រិទ្ធី ធ្លាប់​លើកឡើងថា ខេត្តកំពត​គឺ​គោលដៅ​ទេសចរណ៍ និង​មាន​សក្តានុពល ខាង​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម ជាង​បណ្តា​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​គ្នា។ វិស័យ​លំនៅដ្ឋាន​ក្នុង​ខេត្តកំពត ច្រើន​តែមាន​តម្រូវការ​លើ​លំនៅដ្ឋាន​លំហែកាយ នៅ​តំបន់​មួយចំនួន ដែល​បណ្តាលឱ្យ​ខេត្ត​នេះ​កាន់​តែមាន​ភាពល្អប្រសើរ និង​កំណើន​ជា​បន្តបន្ទាប់។

លោក​បន្តថា “សក្តានុពល​នៃ​តំបន់​នេះ មានដូចជា​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន គម្រោង​កំពង់ផែ​ទេសចរណ៍ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាដើម” ។

ខេត្ត​កែប

កាលពីដើម​ខែមិថុនា​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាននិងកំពុង​សិក្សា​កែលម្អ​ឆ្នេរសមុទ្រ​កែប ទៅជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ប្រវែង​ជិត៣០០០ម៉ែត្រ។ មិនតែប៉ុណ្ណោះ ខេត្ត​កែប​ត្រូវបាន​រដ្ឋាភិបាល​ដាក់ចេញ​ចក្ខុវិស័យ​ជា «គោលដៅ​ទេសចរណ៍ សម្រាកលំហែ​កម្សាន្ត​ប្រណិត​កម្រិត​ខ្ពស់» ផងដែរ។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា លោក​ចក់ ស៊ី​ណាត បាន​រៀបរាប់ថា សកម្មភាព​ទិញ លក់​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ ជាពិសេស​នៅតាម​តំបន់ឆ្នេរ និង​តំបន់​ជាប់​ភ្នំ​នៅតែមាន​ចរន្ត មិន​ស្ងប់ស្ងាត់​នោះទេ។ ភាគច្រើន​ការវិនិយោគ​ដីធ្លី​ក្នុង​ខេត្ត​កែប ជាការ​វិនិយោគ​រយៈពេល​យូរអង្វែង ពោលគឺ​ជាការ​អភិវឌ្ឍ​លើ​មណ្ឌល​កម្សាន្ត តំបន់​ទេសចរណ៍​កែច្នៃ លំនៅដ្ឋាន​លំហែកាយ សម្រាប់​បម្រើ​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​ជាដើម។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate ថ្លែងថា កំណើន​នៃ​ទេសចរ​នៅ​ខេត្ត​កែប បាន​កើនឡើង​ជាប្រចាំ ព្រោះ​ជះឥទ្ធិពល​មកពី​ខេត្ត​ព្រះសីហនុ ដែលមាន​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​នា​ន​ផង​ដែរនោះ។ ម្យ៉ាង​ប​ច្ចុ ប្បន្ន​នេះ​អ្នកវិនិយោគ​ភាគច្រើន បាន​បណ្តាក់ទុន​នៅ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តមបន់​ស្ថិត​ជាប់​សមុទ្រ។

ខេត្ត​ព្រះសីហនុ

ខេត្ត​មួយ​នេះ មិន​ត្រឹមតែ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​មួយ​មុខ​នោះទេ តែបើ​ក្រឡេក​ទៅ​មើល​លើ​សំណង់ អគារ ផ្ទះ​លំហែកាយ​ទៀតសោត កំពុងមាន​តម្រូវការ និង​សន្ទុះ​នៃ​ដំណើរ​ការសាងសង់​ជាខ្លាំង។ ថ្វីត្បិតតែ​ចំនួន​ប្រជាជន​ចិន និង​វិនិយោគិន​ចិន​ធ្លាក់ចុះ​នៅសល់​ប្រហែល១៥,០០០នាក់​ក្តី ប៉ុន្តែ​នៅពេល​ជំងឺ​រាតត្បាត​បានបញ្ចប់​នោះ កំណើន​នឹង​បែរ​មករក​សភាព​ដើម​វិញ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះ​សិ​ហ​នុ បាន​ថ្លែង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ បានការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដោយ​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ប្រមាណ៧០០០លាន​ដុល្លារ ក្នុង​រយៈពេល៤ឆ្នាំ​ចុង​ក្រោយនេះ។

លោក​បន្តថា “ល្បឿន​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ជម្រុញ​ឱ្យ​ខេត្ត​ព្រះសីហនុ កាន់តែ​មាន​ភាព​ទាក់ទាញ និង​បង្កើន​សមត្ថភាព​នៃ​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​បាន​មួយកម្រិត​ទៀត” ។

ជាក់ស្តែង​គ្រាន់តែ​តំបន់ឆ្នេរ​រាម នៃ​ខេត្ត​ព្រះសីហនុ​ទទួល​បានការ​គម្រោង​វិនិយោគ​និង​អភិវឌ្ឍ​ទីក្រុង​ថ្មី រួមមាន វីឡា​កម្រិត​អភិជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​សណ្ឋាគារ មាន​ទុនវិនិយោគ​សរុប​ប្រមាណ ១០០០លាន​ដុល្លារ។ នេះ​ជា​ភស្តុតាង​បញ្ជាក់​ពិ​សក្តានុពល​សេដ្ឋកិច្ច​ពិសេស​ប្រចាំខេត្ត​ព្រះសីហនុ។

ខេត្តកោះកុង

ក្រៅពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និង​ការ​រិ​គ​ចម្រើន​នៃ​វិស័យ​ទេសចរណ៍ បាន​បណ្តាលឱ្យ​ខេត្ត​នេះ​ចាប់ផ្តើម​រីកមុខ​មាត់​បន្តិចម្តង។ ការស្ថាបនា​ព្រលានយន្តហោះ​ចំនួន២ ដូចជា ព្រលានយន្តហោះ​តារា​សាគរ ដែល​ត្រៀម​នឹងដាក់​ដំណើរការ​ក្នុង​ឆ្នាំ២០២១ខាងមុខ បាន​ជម្រុញ​ឱ្យ​ខេត្ត​នេះ​កាន់​តែមាន​សក្តានុពល។

មួយវិញទៀត​នោះ គឺ​ព្រលានយន្តហោះ​កោះកុង​ថ្មី ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប និង Bangkok Airway ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ មកកាន់​ភូមិ​កោះ​ប៉ា ស្រុក​មណ្ឌល​សី​ម៉ា ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ខេត្ត​ដាច់ស្រយាល​នេះដែរ ។ ទុនវិនិយោគ​នៅលើ​គម្រោង​ព្រលានយន្តហោះ​នេះ មាន​ចំនួន​ប្រមាណ៤០លាន​ដុល្លារ។

អភិបាលខេត្ត​កោះកុង លោកជំទាវ​ភូ​ថង មិថុនា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ព្រលានយន្តហោះ​កោះកុង​ថ្មី​របស់​ឧកញ៉ា លី យ៉ុង​ផាត់​នេះ ឈាន​ចូលដល់​ដំនាក់កាល​ឈូសឆាយ និង​សិក្សា​ពី​ផលប៉ះពាល់​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here