អ្នកជំនាញ អះអាងថា តម្រូវការ​ទីផ្សារ​លំនៅដ្ឋាន​នៅតែ​រក្សាបាន​កំនើន​ខ្ពស់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មិន​ថា​ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព​សេដ្ឋកិច្ច ពិភពលោក​កំពុងតែ​ប្រឈម​នៅពេល​បច្ចុប្បន្ននេះ​នោះទេ តម្រូវការ​ទីផ្សារ​ក្នុង​វិស័យ​លំនៅដ្ឋាន​នៅតែ​បន្ត​មាន និង​មិនមាន​ការធ្លាក់ចុះ​នោះទេ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ថា  បច្ចុប្បន្ននេះ អ្នកលក់​នៅតែ​បន្ត​លក់ ហើយ​អ្នកទិញ​ក៏​នៅតែ​បន្ត​ការស្វែងរក​ទិញ​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​ដដែល មិន​ខុសគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​នោះទេ ហើយ​ភាគច្រើន​គឺ​នៅតាម​តំបន់​ជាយក្រុង។

លោកស្រី​បាន​មានប្រសាសន៍ “មូល​ហេតុដែល​លំនៅដ្ឋាន នៅតែមាន​តម្រូវការ​ដោយសារ​លំនៅដ្ឋាន​មួយចំនួន​មានការ​លក់​ប្រញាប់ ដូច្នេះហើយ​អាច​មានឱកាស​មានតម្លៃ​សមរម្យ​ច្រើន ឬ​អាច​ក្រោម​ជាង​ទីផ្សារ” ។ លោកស្រី​បន្តថា “វិស័យ​លំនៅដ្ឋាន​ដែលមាន​តម្រូវការ​ខ្ពស់ និង​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​ប្រភេទ​លំនៅដ្ឋាន​សម្រាប់​ប្រកប​អាជីវកម្ម ដែល​ក្រៅពី​អាច​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ថែមទាំង​អាចបង្កើត​អាជីវកម្ម​មាន​យ៉ាង​ប្រសើរ” ។

លោកស្រី​តាំង ហួរ​បាន​បន្តថា លំនៅដ្ឋាន​ប្រភេទ​នេះ មាន​តម្រូវការ​ច្រើនជាងគេ ដោយសារតែ​អ្នកទិញ ត្រូវការ​សម្រាប់​យកមក​ប្រកប​អាជីវកម្មផ្សេងៗ ឬក៏​ចង់​ទិញ​ទុក​យក​ផលចំណេញ នៅពេល​ក្រោយ​មាន​ភាពងាយស្រួល​លក់។ ម្យ៉ាងវិញទៀត ដោយសារតែ​អតិថិជន មានបំណង​ចង់​ជាវ​ទុក​សម្រាប់​ឱ្យ​កូន​ក្រែងលោ ត្រូវ​ឡើង​ពី​ខេត្ត​មក​សិក្សា​នៅ​ទីក្រុង ឬក៏​គូស្នេហ៍​មួយចំនួន​ដែល​ទើប​រៀបការ ដូច្នេះ​តម្រូវការ​មានផ្ទះ​រស់នៅ​គឺ​នៅតែមាន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property លោក ម៉ម សិរី​បញ្ញា ធ្លាប់បាន​លើកឡើង​ពី​មូលហេតុ​នៃ​តម្រូវការ​នៃ​ទីផ្សារ​លំនៅដ្ឋាន​ថា ភាគច្រើន​គម្រោង​លំនៅដ្ឋាន​ច្រើនតែ​សាងសង់​នៅក្បែរ​តំបន់​ទីប្រជុំជន និង​ជាទី​តាំង​ល្អ ក្នុងការ​រកស៊ី និង​រស់នៅ។ ចំណុចខ្លាំង​ទាំងនេះហើយ ដែល​អាចធ្វើឱ្យ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន នៅតែ​ទទួលបាន​ជោគជ័យ​ខ្ពស់​នៅលើ​ទីផ្សារ ដែល​អ្នក​អភិវឌ្ឍន៍​តែងតែ​ពិចារណា​មុនគេ។

លោក​បន្តថា “នៅពេលដែល​អ្នកទិញ អាច​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​លំ   ដ្ឋា​ន​ដែល​ក្រៅពី​ការរស់នៅ គឺមាន​ភាពងាយស្រួល​ប​ង្កើ​ត​ជំនួញ ហេតុផល​ទាំងអស់​នេះហើយ ដែល​បណ្តាលឱ្យ​វិស័យ​លំនៅដ្ឋាន ហាក់បីដូច​ជាមាន​តម្រូវការ​ច្រើនជាងគេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here