ដោយ ហ្សូលី
ភ្នំពេញៈ វិស័យខុនដូកម្ពុជា កំពុងមានកំណើនសាងសង់ជាច្រើន គម្រោងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកត្តាសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើននិងអភិវឌ្ឍន៍ ដែលជាហេតុជម្រុញឱ្យប្រជាជនកម្ពុជា និងអ្នកវិនិយោគបរទេសមានតម្រូវការច្រើន។ អ្នកជំនាញលក់ខុនដូ ក៏បានបង្ហើបថាវិស័យខុនដូនៅកម្ពុជា ហាក់មិនទាន់ផ្គត់ផ្គង់គ្រប់តម្រូវការនៅឡើយទេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍវិនិយោគមិនមែនផ្គត់ផ្គង់ តែតម្រូវការក្នុងស្រុកមួយមុខនេះទេ គឺត្រូវតម្រូវអ្នកក្រៅស្រុកផងដែរ។ ជាក់ស្តែងដូចប្រទេសកម្ពុជា គឺជាប្រទេសបើកចំហ ដែលបច្ចុប្បន្នខុនដូនៅក្នុងកម្ពុជាមានត្រឹមតែប៉ុន្មានម៉ឺនយូនិតតែប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅទូទាំងរាជធានីភ្នំពេញមានគម្រោងខុនដូចំនួន៥ ស្មើនឹង២៨៤៣យូនីត បានចូលទៅក្នុងទីផ្សារក្នុងត្រីមាសទី១នៃឆ្នាំនេះ ដែលបានធ្វើឱ្យខុនដូមានកំនើនរហូត ដល់២០,៨៥១យូនីត ក្នុងទីផ្សារទាំងមូល។
លោកខន គង្គារ បានបន្តថា មូលហេតុនៃកំណើនតម្រូវការនេះ អាចនឹងកើតមានឡើង ប្រសិនបើកម្ពុជាសម្រេច ឱ្យមានជើងហោះហើរត្រង់ពីចិនមកកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗនេះ កម្ពុជាបានបើកជើងហោះហើរ ត្រង់ពីចិនមកកាន់ខេត្តព្រះសីហនុ។ មានន័យថា ការផ្គង់ផ្គង់វិស័យខុនដូនៅកម្ពុជា មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដរាបណាកម្ពុជានៅមានគោលនយោបាយ បើកចំហសម្រាប់ការអភិវឌ្ឍន៍ពីបរទេស។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានផ្តល់បទសម្ភាសន៍ មកកាន់ក្រុមការងារគេហទំព័រ Propertyarea.asia ថា កំនើននៃការទិញខុនដូ ចាប់ផ្តើមមានសន្ទុះទិញច្រើនគួរឱ្យកត់សម្គាល់ ដោយសារយុវជនខ្មែរយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ខុនដូ។ មិនត្រឹមតែយុវជនប៉ុណ្ណោះទេ តែក៏មានអ្នករៀបការហើយថ្មីថ្មោង ឬអ្នកត្រូវបែកផ្ទះចេញពីគ្រួសារផងដែរ។
បើតាមការព្យាករណ៍របស់អ្នកជំនាញបានឱ្យដឹងថា ការកើនឡើងនៃការប្រើប្រាស់ខុនដូសរុបមានប្រមាណ ៣៥ភាគរយ ជាជនជាតិកម្ពុជា និ៦៥ភាគរយផ្សេងទៀត គឺជាជនបរទេស។
បើតាមឱ្យដឹងពីគេហទំព័របរទេសវិញបានបញ្ជាក់ឱ្យដឹងថា ការរស់នៅក្នុងខុនដូមានចំនុចវិជ្ជមានច្រើន បើប្រៀបធៀបជាមួយលំនៅដ្ឋាន ខុនដូមានតម្លៃសមរម្យជាងមានការផ្តល់ជូនសេវាកម្ម ពិសេសងាយស្រួលសម្រាប់ការរស់នៅតាមបែបស៊ីវីល័យ ស្ថិតនៅក្នុងទីប្រជុំជន មានផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ឬអាចស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ក្បែរកន្លែងធ្វើការផងដែរ៕