វត្តមាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក Coldwell Banker Cambodia បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​សន្ទុះ នៃ​ភាព​រីកចម្រើន​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ដែល​កំពុង​ពង្រីក​សក្តានុពល វត្តមាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ពិភពលោក Coldwell Banker Cambodia ដែល​បាន​ដំណើរការ​កាលពីដើមឆ្នាំ២០២០កាន់តែ​ជួយ​បង្ហាញ​ពី​ភាពរឹងមាំ នៃ​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​បន្ថែមទៀត។

អគ្គនាយក​ក្រុមហ៊ុន Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា គ្រប់​ក្រុមហ៊ុន​អន្តរជាតិធំៗទាំងអស់ មុនពេល​ចូលមក​ចាប់​ដំណើរ​ប្រតិបត្តិការ របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​នូវ​ការសិក្សា​យ៉ាង​លម្អិត និង​ស្គា​ល់ពី​ស្ថានភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ជាពិសេស សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​ដែល​កំពុង និង​បន្ត​មាន​តម្រូវការ​ទីផ្សារ​ផងដែរ។

ខាងក្រោម​នេះ ជា​កិច្ចសម្ភាសន៍​ផ្ទាល់​រវាង​អ្នកយកព័ត៌មាន​គេហទំព័រ​អចលនទ្រព្យ www.propertyarea.asia ជាមួយ​លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia ពី​ការចាប់យក​ចំណែក​ទីផ្សារ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

Q: តើ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ណា និង​បង្កើតឡើង​តាំងពី​ឆ្នាំ​ណា? ហើយ​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ ចូលមក​កាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ?

A : ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker ដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា កាលពីដើមឆ្នាំ២០២០កន្លងទៅនេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ទី៣ជា​សាកល ដែល​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​នេះ​មាន​អាយុកាល១១៣ឆ្នាំ និង​បាន​បង្កើត​ការិយាល័យ​តំណាង​ចំនួន៤៥ប្រទេស ដែល​ក្នុងនោះ​រាប់ទាំង​ប្រទេស​កម្ពុជា​ផងដែរ។ ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា ហេតុអ្វី​បានជា​ខ្ញុំ​សម្រេចចិត្ត នាំយក​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ចូល​មកកាន់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ខ្ញុំ​បាន​ស្គាល់​ច្បាស់​ពី​ស្ថានភាព និង​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​ស័ក្ដិសម​ទៅនឹង​វត្តមាន​ក្រុមហ៊ុនធំៗ ខណៈដែល​នៅ​កម្ពុជា មិនទាន់មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​បែបនេះ​ច្រើន​នៅឡើយ។

Q : បច្ចុប្បន្ន នៅក្នុង​ទីផ្សារ​អចលនទ្រព្យ មាន​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កំពុងតែធ្វើការ​ប្រកួតប្រជែង​គ្នា តើ​លោក​មាន​ទំនុកចិត្ត និង​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​អាច​ទទួលបាន​ចំណែក​ទីផ្សារ?

A : ថ្វី​ដ្បិត​យើង​មក​ក្រោយ​គេ ប៉ុន្តែ​ជំនឿ​ចិត្ត​ក្នុងការ​ទទួលបាន​ចំណែក​ទីផ្សារ​គឺ​យើង​មាន​ខ្ពស់ ព្រោះ​ក្រុមហ៊ុន​ភាគច្រើន ដែល​កំពុងដំណើរការ​នៅលើ​ទីផ្សារ​រួម ភាគច្រើន​មិនមែនជា​ដៃគូ​ប្រកួតប្រជែង​របស់​យើង​នោះទេ។ ទីផ្សារ​គោលដៅ​របស់​យើង​ខុន​ពី​គេ។ ក្រុមហ៊ុន​ភ្នាក់ងារ​ជាច្រើន ដែល​កំពុងដំណើរការ​សព្វថ្ងៃនេះ គឺ​ពួកគេ​ធ្វើ​សេវាកម្ម​ចំរុះ បានន័យថា មិន​ថា​អចលនវត្ថុ​នោះ​មាន​កម្រិត​តូច ធំ ឬ​មធ្យម​នោះទេ គឺ​ធ្វើ​ទាំងអស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោលដៅ របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ដែលមាន​ប្រភព​មកពី​សហរដ្ឋអាមេរិក Coldwell Banker Cambodia គឺ​ខុសពី​គេ។

យើង​ទទួល​បម្រើសេវា និង​ប្រឹក្សា​តែ​ចំពោះ​អចលនវត្ថុ​ទាំងឡាយណា ដែលមាន​តម្លៃ​ខ្ពស់​អាច​ចាប់ពី៨០ម៉ឺន​ដុល្លា ឬ១លាន​ដុល្លារ​រ​ឡើងទៅ ក្នុងនោះ​មិន​ថា​ជា​ប្រភេទ អគារ​ពាណិជ្ជកម្ម ខុន​ដូ លំនៅដ្ឋាន ទីតាំង​ជួល​ដូចជា Commercial Land, Commercial Industrial, Property Residence ឱ្យតែ​ស្ថិតនៅ​ក្នុងតម្លៃ ដែល​បានកំណត់​ទើប​យើង​ទទួល​ធ្វើ។

Q : តើ​វិសាលភាព​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ធំ​ទូលាយ​សមស្រប​ទៅ​គោលដៅ​របស់​ក្រុមហ៊ុន Coldwell Banker Cambodia ដែរឬទេ ហើយ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ? 

A : បើ​យើង​សម្លឹងមើល​តែមួយ​ជ្រុង យើង​ឃើញថា​ទីផ្សារ​មាន​ទំហំ​តូច ប៉ុន្តែ​យើង​មើល​ឱ្យ​ទូលាយ​ជាង​នេះ នោះ​នឹង​ឃើញច្បាស់​ពី​វិសាលភាព នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា។  Coldwell Banker Cambodia បាន​សិក្សា និង​ស្គាល់​ច្បាស់​ពី​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេសមួយ​នេះ ហើយ​យើង​ក៏​មិន​ធ្វើ​តែ​នៅ​ក្នុ​ប្រទេស​កម្ពុជា​នោះដែរ។

តាមរយៈ​Coldwell Banker Cambodia នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ថែម ពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក ជាពិសេស​ប្រទេស​គោលដៅ ដូចជា​សហរដ្ឋអាមេរិក អូស្ត្រាលី ញ៉ូ​ហ្សា​លែ​ន កាណាដា និង​ប្រទេស​មួយចំនួនទៀត​នៅ​ប៉ែក​អឺរ៉ុប។

យើង​នឹង​នាំយក​អចលនទ្រព្យ​នៅ​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ហើយក៏​នាំយក​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មក​លក់​នៅ​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ដែលមាន​ប្រជាជន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ទីនោះ​ច្រើន។ សម្រាប់​អ្នក​ដែលមាន​កូនចៅ​រៀន​ចប់​នៅក្នុង​ស្រុក ហើយ​ត្រូវ​បញ្ជូនទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូ​ស្ត្រា ឬ​កាណាដា ពួកគាត់​អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​តាមរយៈ Coldwell Banker Cambodia ដែលជា​ក្រុមហ៊ុន មានការ​ទទួលស្គាល់​លំដាប់​ពិភពលោក។ ក្រោយពេល​ពួកគាត់​ទិញ កូន​របស់​ពួកគាត់​មិន​ពិបាក ចំណាយ​ប្រាក់​បន្ថែម​ទៅលើ​ការជួល​ទីតាំង​ស្នាក់នៅ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមគ្រួសារ​ដែល​ទៅលេង​ម្ដងម្កាល​ផងដែរ។

យើង​ដឹងថា សម្រាប់​ការចាប់យក​ចំណែក​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា អចលនវត្ថុ​ដែលមាន​តម្លៃ​ចាប់ពី១លាន​ដុល្លារ​ឡើង លើ​គឺ​ត្រូវ​ចំណាយពេល​យូរ និង​ធនធាន​ច្រើន​បន្តិច ប៉ុន្តែ​បន្ទាប់ពី​បាន​បញ្ជ្រាប​ខ្លួន​បាន​គ្រប់គ្រាន់ អតិថិជន ក៏ដូចជា​ចំណែក​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ នឹង​រត់​មកប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​យើង ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ​ជាក់​ជាមិនខាន។

យើង​មានកេរ្តិ៍ឈ្មោះ​ល្បី​លើ​ការផ្តល់​ប្រឹក្សា ផ្តល់ជូន​សេវាកម្ម​ល្អ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ជាពិសេស ពួកយើង​មាន​ជំនាញ​ច្បាស់លាស់ មាន​ក្រប​សីលធម៌ វិជ្ជាជីវៈ ជាមួយនឹង​ភាពស្មោះត្រង់​ជាមួយ​អតិថិជន ក៏ដូចជា​ក្រុមហ៊ុន​ដែលជា​ដៃគូ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here