ដោយ ៖ រ៉ាណេត
កំពត ៖ ជាមួយនឹងលទ្ធផលនៃការស្ថាបនាផ្លូវវាងក្រុងកំពតទទួលបានជាង ៩០ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០នេះ បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ជាច្រើន បាន និងកំពុងបង្ហាញវត្តមានជាបន្តបន្ទាប់នៅក្បែរផ្លូវដ៏មានសារសំខាន់មួយនេះ។
គិតត្រឹមចុងសប្ដាហ៍ ដើមខែកក្កដា ឆ្នាំ២០២០នេះ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងកំពតសម្រេចបានលទ្ធផលជាង ៩០ភាគរយ ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងអំឡុងខែនេះ។
អភិបាលរងខេត្ត លោក ភូ លិ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃចុងសប្ដាហ៍នេះថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងកំពត គិតត្រឹមថ្ងៃនេះសម្រេចបានជាង៩០ភាគរយហើយ ដែលអាចនឹងបញ្ចប់នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០នេះ។
លោកបានបញ្ជាក់ថា “ឥឡូវជិតបញ្ចប់ការសាងសង់ទាំងស្រុងហើយ ពោលគឺនៅសល់តែការចាក់បំពេញនៅដើមផ្លូវ និងចុងផ្លូវបន្តិចទៀតតែប៉ុណ្ណោះ ហើយតាមរយៈផ្លូវបេតុងវាងក្រុងកំពត១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះនូវរថយន្តតូច ធំបើកបរលើដងផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គី ក្នុងក្រុងកំពត និងក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងក្រុងកំពត ព្រោះបច្ចុប្បន្នក្រុងកំពតផ្លូវវាងក្រុងប៉ែកខាងជើង ឬខាងលិចនៃក្រុងកំពត នៅពុំទាន់មានផ្លូវសម្រាប់សម្រួលចរាចរណ៍នៅឡើយ” ។
ជាមួយនឹងវត្តមាននៃផ្លូវវាងក្រុងដ៏ស្រស់ស្អាត និងធំទូលាយ មួយនេះ បច្ចុប្បន្នមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើនបានចាប់ផ្តើមបង្ហាញវត្តមានជាបន្តបន្ទាប់ ដែលក្នុងនោះភាគច្រើនជាការវិនិយោគក្នុងវិស័យលំនៅដ្ឋានបន្ថែមពីលើគម្រោងអភិវឌ្ឍន៍តំបន់កម្សាន្តដែលស្ថិតនៅក្បែរមាត់ព្រែកជិតផ្លូវវាងក្រុង។
ផ្លូវវាងក្រុងមួយនេះ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត មានទទឹង ១៥ម៉ែត្របណ្ដោយ ១៣៨០ម៉ែត្រ ធ្វើពីបេតុងសរសៃដែក អមដោយប្រព័ន្ធលូរំដោះទឹកចេញពីក្នុងក្រុងកំពត ដោយផ្លូវនេះតបំបែកចេញ ពីផ្លូវជាតិលេខ៣ ឆ្ពោះទៅទល់នឹងផ្លូវបេតុងម៉ាកេង ស្របតាមបណ្ដោយផ្លូវរថភ្លើងដែលមានគំលាតពីផ្លូវរថភ្លើងចម្ងាយ ១២ម៉ែត្រ និងចិញ្ចើមផ្លូវម្ខាងទៀត មានចំនួន ៣ម៉ែត្រ ក្រោមគម្រោងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពត៕