ដោយ វុត្ថា
ភ្នំពេញ៖ ក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលពាក្យបណ្តឹងទាក់ទងវិវាទពាក់ព័ន្ធ នឹងការងារសំណង់ចំនួន ២៩ ករណី ក្នុងនោះ បានដោះស្រាយបញ្ចប់ជាស្ថាព័រចំនួន ៤ ករណី និង បានបញ្ជូនទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីខេត្ត បានបញ្ជូន ចំនួន ៦ករណី និងមិនមានករណីបញ្ជូនទៅតុលា និង រាជធានីខេត្តនោះទេ ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗ បានឱ្យដឹងថា អគ្គនាយកដ្ឋានសំណង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តដោះស្រាយចំនួន ១៨ ករណី និងបានផ្អាកការដ្ឋានចំនួន ១លើក។
របាយការណ៍ដដែលបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១៦ រហូតដល់ខែមិថុនា ឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានសំណង់បានទទួលវិវាទសំណង់ចំនួន ១៤៣ ករណី ក្នុងនោះ ទទួលបានពីរាជធានីចំនួន ១២៦ ករណី និងទទួលបានពីខេត្តចំនួន ១៧ ករណី បានបញ្ជូនទៅមន្ទីររាជធានីខេត្តវិញចំនួន ១៨ករណី បញ្ជូនទៅតុលាការចំនួន ៨ករណី បញ្ជូនទៅរដ្ឋបាលរាជធានីខេត្តចំនួន ៤ករណី ផ្អាកការដ្ឋានចំនួន ១០ ដោះស្រាយបញ្ចប់ចំនួន ៤៨ ករណីបញ្ជូនទៅអគ្គនាយកដ្ឋានសុរិយោដីចំនួន ១ ករណី និងកំពុងដោះស្រាយចំនួន ៥៤ករណី។
ក្រៅពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានញ្ជូនក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសំណង់ ដើម្បីផ្តល់លិខិតអនុញ្ញាតបើករដ្ឋានសណង់ លិខិតបិទការដ្ឋាន និងលិខិតអនុញ្ញាតជួសជុលចំនួន ១៣០ ការដ្ឋាន និងបានធ្វើការអប់រំ និងពន្យល់ណែនាំដល់ម្ចាស់ការដ្ឋានសំណង់ កម្មករ និងអ្នកពាក់ព័ន្ធបានចំនួន ៣៤៧០ នាក់។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងាររបស់អគ្គនាយកដ្ឋានសំណង់ចំនួន ៤ ក្រុម ដែលក្នុងមួយក្រុមមានចំនួណ ៥ នាក់ ដើម្បីចុះត្រួតពិនិត្យការដ្ឋានសំណង់ ដោយក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ សម្រេចបាន ក្រុមទី ១ បានចំនួន ១៣ ការដ្ឋាន ក្រុមទី ២ បាន ៣២ ការដ្ឋាន ក្រុមទី ៣ បាន១៧ការដ្ឋាន និង ក្រុមទី ៤ បាន៣៨ ការដ្ឋាន៕