អភិបាលខេត្ត​កំពង់ស្ពឺ​ស្នើសុំ​ប្រជាជន​កុំឱ្យ​បារម្ភ​ពី​ការ​ប្រែក្លាយ​ដីស្រែ​ទៅជា​អាជីវកម្ម​អចលនទ្រព្យ

0

ដោយៈ វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់ថា កុំឱ្យ​មានការ​ព្រួ​បារម្ភ​ចំពោះ​ការ​ប្រែក្លាយ​ដីស្រែ និង​ដី​មិន​ប្រើប្រាស់​ទៅជា​អាជីវកម្ម​អចលនទ្រព្យ ដូចជា​ពុះ​ដី​ឡូ​តិ៍លក់ បង្កើត​រោងចក្រ និង​វិនិយោគ​លំនៅឋានផ្សេងៗ ខណៈដែល​ខេត្ត​មួយ​នេះ នៅមាន​ដី​កសិកម្ម​ជាង១១ម៉ឺន​ហិកតា នៅ​ទូទាំង​ខេត្ត​សម្រាប់​បង្កបង្កើនផល​ក​សិ​កម្ម។

លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា ការ​លុប​បឹង​សម្រាប់​ពុះ​ដី​ឡូ​តិ៍​នៅក្នុង​ខេត្ត មិនទាន់មាន​នៅឡើយ​ទេ ព្រោះ​ភាគច្រើន​គឺ​ត្រូវការ​ចំណាយលុយ​ច្រើន ដូច្នេះ​គេ​ទៅធ្វើ​នៅតែ​កន្លែង​ដីស្រែ ឬ​ទីទួល ។

លោក​បន្តថា “ការ​ពុះ​ដី​ឡូ​តិ៍លក់​ទទួលបាន​ផល​ច្រើនជាង ការធ្វើ​កសិកម្ម ឧទាហរណ៍​ថា​ដី១ហិកតា ទទួលបាន​ស្រូវ៣តោន​ក្នុង​មួយឆ្នាំ តែ​ដី​មួយ​ហិកតា​ដដែល​យកមក​ធ្វើ​រោងចក្រ អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​មនុស្ស​បាន​រាប់ពាន់នាក់” ។ លោក​បន្តថា “នេះ​គឺជា​ភាព​ចំណេញ​ដែល​យើង​មើលឃើញ​ជាក់ស្តែង” ។

លោក​ថ្លែងបន្តថា ក្នុងន័យនេះ​យើង​មិនត្រូវ​អភិរក្ស​បឹង ឬ​ដីស្រែ​ដោយ​គ្មាន​ការអភិវឌ្ឍន៍​នោះទេ តើ​យើង​ចង់ឱ្យ​ពលរដ្ឋ​នៅតែ​ក្រីក្រ​ដដែល ឬ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូ​ធា​ជាង​មុន។ ដូច្នេះ យើង​ត្រូវតែ​អភិវឌ្ឍន៍ ដើម្បីឱ្យ​ជីវភាព​ធូ​ធា​ក្នុងសម័យ​តេ​ជោ​នេះ។

ចំពោះ​ការ​លុបថ្លុក ឬ​ត្រពាំង​មួយចំនួន​នៅក្នុង​ខេត្ត​វិញ លោក​បាន​ថ្លែង​ចោទ​ជា​សំនួ​រថា តើ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​ជីវ​ភាពល្អ​ទេ​ឬ? នៅក្នុង​ខេត្តកំពង់ស្ពឺ​សម្បូរ​ទៅដោយ​ថ្លុក និង​ត្រពាំង ហើយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វា​ស្អាត ដើម្បី​បង្កើតជា​រោងចក្រ និង​លំនៅឋាន​ផ្សេង។ ក្នុងន័យនេះ​រដ្ឋបាលខេត្ត បាន​ពិនិត្យមើល​យ៉ាង​ម៉ត់ចត់​ចំពោះ​កន្លែង​ដែល​ត្រូវ​ទុក ឬ​មិនត្រូវ​ទុក។

លោក​បន្ថែមថា “នៅពេលនេះ​យើង​ត្រូវធ្វើ​យ៉ាងណា កុំឱ្យ​មានការ​រំលោភ​យ​កដី​រដ្ឋ​តែប៉ុណ្ណោះ គេ​លុប​នៅក្នុង​រង្វង់​ដី​កម្មសិទ្ធិ​របស់គេ ម្យ៉ាងទៀត​នៅពេលដែល​អ្នកវិនិយោគ ឬ​អ្នករកស៊ី​អចលនទ្រព្យ​ចូលមក គេ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​បង្កើត​រោងចក្រ​សហគ្រាសផ្សេងៗ ក្នុងការ​ផ្តល់​ការងារ​ជូន​ពលរដ្ឋ” ។ លោក​បន្ថែមថា “ដូច្នេះ​យើង​ក៏​ពិចារណា​ថា​គួរ​លុប ឬ​ទុក បើ​លុប​ហើយ​ផ្តល់​ចំណេញ​ច្រើនជាង​ទុក​ឱ្យគេ​លុប​ទៅ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here