គម្រោង​តំបន់​ទេសចរណ៍ “កំពត​ឋានសួគ៌” តម្លៃ​ច្រើន​លាន​ដុល្លារ គ្រោង​បើកសម្ពោធ​នៅ​ដើមឆ្នាំ២០២១

0

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ​ គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត និង​លំហែរ​កម្រិត​ខ្ពស់​ប្រចាំខេត្ត “កំពត​ឋានសួគ៌” ដែល​ចំណាយ​ដើមទុន ក្នុង​វិនិយោគ​ជាច្រើន​លាន់​ដុល្លារ គ្រោង​នឹង​ចាប់​បើក​ដំណើរ​ជា​ផ្លូវការ​នៅត្រឹម​ថ្ងៃទី១ខែមករា ឆ្នាំ២០២ឆាប់ៗខាងមុខនេះ ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​ទេស​ចរ​ជាតិ និង​អន្តរជាតិ។

លោក​ឧកញ៉ា​នួន អក​ម្ចាស់​គំរោង​អភិ​វ​ឌ្ឈ​ន៍​គំរោង​នេះ​បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា កំពត​ជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល និង​អំណោយផល​ពី​ធម្មជាតិ ដែល​ក្រៅពី​ទីតាំង​ភូមិសាស្ត្រ​ល្អជា​តំបន់​សមុទ្រ និង​មាន​ដៃសមុទ្រ​កាត់​ខ្វាត់ខ្វែង នៅ​កៀក​ភ្នំពេញ ដែលមាន​ភាពងាយស្រួល និង​ចំណាយពេល​តិច​ក្នុងការ​ធ្វើដំណើរ ហើយ​តម្លៃ​ដី​នៅ​ទាប​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ព្រះសីហនុ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​អភិវឌ្ឍន៍ និង​មានឱកាស​ទទួលបាន​ចំណេញ​ច្រើន​ពី​ការវិនិយោគ។

លោក​ឧកញ៉ា​បាន​បន្តថា “តាមរយៈ​ភាពល្អប្រសើរ​នៃ​កត្តា​ភូមិសាស្ត្រ ជាពិសេស​ភាពអំណោយ​ផល​ពី​ធម្មជាតិ ទៅលើ​វិស័យ​ទេសចរណ៍ ខ្ញុំ​ជឿជាក់ថា នៅ​ថ្ងៃ​អនាគត​ខាងមុខ​ដ៏​ខ្លី​នេះ ខេត្តកំពត​នឹង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​ជាក់​ជាមិនខាន ខណៈដែល​បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​ចំណាយ​ដើមទុន​ជាច្រើន​លាន​ដុល្លារ​លើ​ការវិនិយោគ និង​កែច្នៃ​ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន​ទីតាំង” ។

លោក​ឧកញ៉ា​នួន អក បាន​មានប្រសាសន៍ប្រាប់​ឱ្យ​ថា នៅក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍ និង​កែច្នៃ​បង្កើតជា​តំបន់​កម្សាន្ត​លំហែរ​កាយ​បែប​ធម្មជាតិ នៅ​តំបន់​ដែលមាន​ជួរ​ព្រៃភ្នំ ដងស្ទឹង ក៏ដូចជា​ដៃសមុទ្រ​ជាច្រើន​គម្រោង​នោះ លោក​ក៏បាន​បោះ​ដើមទុន​ជាច្រើន​លាន​ដុល្លារ ក្នុងការ​វិនិយោគ​បង្កើត​តំបន់​កម្សាន្ត និង​លំហែរ​នៅក្នុង​ខេត្តកំពត​ផងដែរ ដោយមាន​ឈ្មោះថា កំពត​ឋានសួគ៌ ស្ថិតនៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​ឧកញ៉ា​បញ្ជាក់ថា “គម្រោង​មួយ​នេះ​គឺមាន​ទំហំធំធេង និង​ត្រូវបាន​បែង​ចែកជា​តំបន់​កម្សាន្តផ្សេងៗគ្នា​ជាច្រើន មិនតិចជាង៥នោះទេ ដូចជា តំបន់​កម្សាន្ត​សួនផ្កា​ឈូករ័ត្ន តំបន់​កម្សាន្ត និង​លំហែរ​ព្រៃកោងកាង ភោជនីយដ្ឋាន តំបន់​ផ្ទះ​លំហែរ និង​សណ្ឋាគារ ដែល​នៅ​ថ្ងៃ​អនាគត អាច​សាងសង់​រហូតដល់​ប្រមាណ១០០០បន្ទប់” ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ជា​គោលដៅ​នៃ​ភាពជោគជ័យ​របស់​គម្រោង​គឺ​ការប្រមូលផ្តុំ​នូវ​មនុស្ស ឱ្យទៅ​រស់នៅក្នុង​តំបន់​ដ៏​ស្រស់ស្អាត​មួយ​នេះ បាន​កាន់តែច្រើន រួមជាមួយ​នឹង​ការ​បង្កើតជា​ទីប្រជុំជន ដែល​ក្រៅពី​ជា​តំបន់​កម្សាន្ត ថែមទាំង​អាច​អនុញ្ញាតឱ្យ​បងប្អូន​ប្រជាជនមាន​ការងារ​ធ្វើ កាត់បន្ថយ​ការ​ចំនាកស្រុក ហើយ​អាច​ផ្តល់ប្រាក់​ចំណូល​ចូល​គ្រួសារ យ៉ាងហោចណាស់១០០០ដុល្លារ​ក្នុង​មួយខែ ក៏ដូចជា​អាច​ផ្តល់​ចំណូល​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ” ។

នៅទីនេះ​ត្រូវបាន​ហ៊ុំព័ទ្ធ ទៅដោយ​ខ្សែទឹក​សមុទ្រ​ទាំង​រដូវប្រាំង ទាំង​រដូវវស្សា មាន​ហ្វូង​សត្វ​ស្លាប​ទឹក ជាពិសេស​មាន​ដើម​រុក្ខជាតិ ព្រៃកោងកាង​នៅ​ជុំ​យ៉ាង​ស្រស់ស្អាត ដែល​នៅពេល​អនាគត កំពត​ឋាន អាច​នឹង​កា្ល​យ​ជា​តំបន់​ទេសចរណ៍​ឈានមុខ​គេ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់ ក៏ដូចជា​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ១០០០នាក់ ខណៈដែល​គម្រោង​ដ៏​អស្ចារ្យ​ប្រចាំ​ខេត្តកំពត​មួយ​នេះ នឹង​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅត្រឹម​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here