ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាល់ការបណ្តាក់ទុនវិនិយោគទៅលើអ្វីមួយគឺសុទ្ធតែសម្លឹងឃើញពីឱកាសដែលអាចទទួលបានចំណេញដូចគ្នា ជាពិសេសការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដែលកំពុងមានប្រជាប្រិយភាពខ្លាំង។ ជាមួយនឹងការទទួលបានផលចំណេញពីការវិនិយោគនៅក្នុងវិស័យនេះត្រូវបានអ្នកជំនាញ និងកំពុងប្រឡូកយ៉ាងសកម្មបានអះអាងពីឱកាសទទួលបានប្រាក់ចំណេញផ្សេងៗពីគ្នា។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ បានមានប្រសាសន៍ដោយបង្ហើបពីគន្លឹះនៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យដែលមានឱកាសទទួលបានភាពជោគជ័យខ្ពស់ថា ការវិនិយោគនៅក្នុងវិស័យមួយនេះ មានច្រើនទម្រង់ និងច្រើនផ្នែក ដែលវាអាស្រ័យទៅតាមធនធាន និងចរន្តសាច់ប្រាក់របស់អ្នកវិនិយោគ។
លោកបានបញ្ជាក់ថា “បើសម្រាប់អ្នកមានដើមទុនគ្រប់គ្រាន់គេចូលចិត្តវិនិយោគទៅលើអចលនវត្ថុ ឬដីធ្លីទាំងឡាយណាដែលមានទំហំធំ ហើយអាចទិញរក្សាទុកក្នុងរយៈពេលយូរឆ្នាំទម្រាំទទួលបានចំណេញខ្ពស់ទើបលក់ចេញ។ ប៉ុន្តែសម្រាប់អ្នកដែលមានដើមទុនតិចតួច ពួកគេចូលចិត្តវិនិយោគទៅលើអចលនវត្ថុដែលមានទំហំតូច និងងាយសលក់ចេញ ទោះទទួលបានចំណេញតិចក៏ដោយ។ ជាយោបល់ខ្ញុំ មិនថាចំពោះអ្នកមានធនធានច្រើន ឬតិចនោះទេ ឱកាសនៃការទទួលបានផលចំណេញមានដូចគ្នា ប៉ុន្តែអត្រាតិច ឬច្រើន គឺអាស្រ័យទៅលើទំហំនៃការវិនិយោគ ប៉ុន្តែអ្វីដែលសំខាន់ និងត្រូវយកចិត្តទុកដាក់នោះ គឺភាពប្រាកដប្រជា និងការស្គាល់ពីប្រភេទអចលនទ្រព្យ និងតម្រូវការជាក់ស្ដែង ដើម្បីគេចចេញឱ្យផុតពីហានិភ័យ” ។
អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកវិនិយោគក្នុងវិស័យដីធ្លី និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតាមតំបន់ជាយក្រុងផងដែរនោះបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា “គ្រប់ការវិនិយោគទាំងអស់ គឺសុទ្ធតែអាចទទួលបានប្រាក់ចំណេញដូចគ្នា សំខាន់ត្រង់ថា តើគួរវិនិយោគលើផ្នែកអី ដែលគ្មានហានិភ័យ និងអាចចំណេញបានច្រើន ហើយចំណាយពេលតិច” ។
លោកបានបន្តថា “ជាទូទៅគេតែងនិយាយថា ការទិញផ្ទះសម្រាប់វិនិយោគគឺមិនសូវមានហានិភ័យនោះទេ ដោយហេតុថា ផ្ទះមានអត្រាឡើងថ្លៃជារៀងរាល់ឆ្នាំ ហើយមនុស្សក៏ត្រូវការផ្ទះសម្រាប់ស្នាក់ បើមិនអាចលក់ចេញក្នុងពេលដ៏ខ្លី ក៏ម្ចាស់ផ្ទះអាចជួលទទួលយកប្រាក់ប្រចាំខែបានដែរ។ ការលើកឡើងបែបនេះ ខ្ញុំមិនឱ្យខុសទេ គឺពិតជាត្រឹមត្រូវ ហើយត្រូវសម្រាប់ការគិតរបស់ពួកគាត់” ។
លោកបញ្ជាក់ថា “បើទោះជាខ្ញុំជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ប៉ុន្តែបើជាទស្សនៈផ្ទាល់របស់ខ្ញុំ គឺខ្ញុំគិតថា ការទិញផ្ទះទុកវិនិយោគយកចំណេញ គឺមានឱកាសតិចណាស់ បើប្រៀបជាមួយនឹងការទិញដីសម្រាប់វិនិយោគ។ ដីដែលស្ថិតនៅទីតាំងល្អ មានសក្ដានុពល ជាពិសេសក្នុងតំបន់ដែលមានចរន្តវិស័យឧស្សាហកម្ម ទោះយើងមិនលក់ ក៏យើអាចទទួលបានផលចំណេញពីដី ហើយចំណេញបាន២ក្នុងពេលតែមួយ។ បើយើងមិនលក់ក្នុងតម្លៃទាប គឺយើងអាចជួលទទួលយកចំណូលប្រចាំខែ ប្រចាំឆ្នាំ ហើយក្រៅពីចំណូលជួល តម្លៃដីក៏ឡើងថ្លៃ កាន់តែយូរ កាន់តែថ្លៃ ដូច្នេះខ្ញុំនៅតែមានជំនឿថា ការវិនិយោគដី គឺនៅតែមានឱកាសទទួលបានចំណេញច្រើន” ។
ដោយឡែក លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាកើងារអចលនទ្រព្យ Century21 Advance បានមានប្រសាសន៍ថា មិនថាការវិនិយោគទៅលើដីធ្លី ឬការវិនិយោគទៅលំនៅដ្ឋាននោះទេ គឺសុទ្ធតែមានឱកាសចំណេញខ្ពស់ដូចគ្នា។ លោកបញ្ជាក់ថា “ឱ្យតែស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពល ទាំងការវិនិយោគដីធ្លី ទាំងការវិនិយោគលំនៅដ្ឋានគឺអាចទទួលបានចំណេញ ហើយចំណេញរហ័សទៀត អ្វីដែលសំខាន់គឺគ្រប់ប្រភេទអចលនវត្ថុដែលពួកគាត់បានទិញ ត្រូវប្រាកដថា ជាទ្រព្យស្របច្បាប់ មានឯកសារបញ្ជាក់ពីកម្មសិទ្ធិត្រឹមត្រូវ បានការទទួស្គាល់ពីអជ្ញាធរ និងមិនជាប់ពាក់ព័ន្ធទៅនឹងរឿងវិវាទដែលមិនទាន់បានដោះស្រាយ” ៕