អ្នកជំនាញ​និយាយ​ពី​ផលចំណេញ​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យផ្សេងៗគ្នា

0

­ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រាល់​ការបណ្តាក់ទុន​វិនិយោគ​ទៅលើ​អ្វីមួយ​គឺ​សុទ្ធតែ​សម្លឹង​ឃើញ​ពី​ឱកាស​ដែល​អាច​ទទួលបាន​ចំណេញ​ដូចគ្នា ជាពិសេស​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង។ ជាមួយនឹង​ការទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​នៅក្នុង​វិស័យនេះ​ត្រូវបាន​អ្នកជំនាញ និង​កំពុង​ប្រឡូក​យ៉ាងសកម្ម​បាន​អះអាង​ពី​ឱកាស​ទទួលបាន​ប្រាក់ចំណេញផ្សេងៗពីគ្នា។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ បាន​មានប្រសាសន៍​ដោយ​បង្ហើប​ពី​គន្លឹះ​នៃ​ការវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​មានឱកាស​ទទួលបាន​ភាពជោគជ័យ​ខ្ពស់​ថា ការវិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ មាន​ច្រើន​ទម្រង់ និង​ច្រើន​ផ្នែក ដែល​វា​អាស្រ័យ​ទៅតាម​ធនធាន និង​ចរន្ត​សាច់ប្រាក់​របស់​អ្នកវិនិយោគ។

លោក​បាន​បញ្ជាក់ថា “បើ​សម្រាប់​អ្នកមាន​ដើមទុន​គ្រប់គ្រាន់​គេ​ចូលចិត្ត​វិនិយោគ​ទៅលើ​អចលនវត្ថុ ឬ​ដីធ្លី​ទាំងឡាយណា​ដែលមាន​ទំហំ​ធំ ហើយ​អាច​ទិញ​រក្សាទុក​ក្នុង​រយៈពេល​យូរ​ឆ្នាំ​ទម្រាំ​ទទួលបាន​ចំណេញ​ខ្ពស់​ទើប​លក់​ចេញ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ដើមទុន​តិចតួច ពួកគេ​ចូលចិត្ត​វិនិយោគ​ទៅលើ​អចលនវត្ថុ​ដែលមាន​ទំហំ​តូច និង​ងាយ​សលក់​ចេញ ទោះ​ទទួលបាន​ចំណេញ​តិច​ក៏ដោយ។ ជា​យោបល់​ខ្ញុំ មិន​ថា​ចំពោះ​អ្នកមាន​ធនធាន​ច្រើន ឬ​តិច​នោះទេ ឱកាស​នៃ​ការទទួលបាន​ផលចំណេញ​មាន​ដូចគ្នា ប៉ុន្តែ​អត្រា​តិច ឬ​ច្រើន គឺ​អាស្រ័យទៅលើ​ទំហំ​នៃ​ការវិនិយោគ ប៉ុន្តែ​អ្វីដែល​សំខាន់ និង​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ភាពប្រាកដប្រជា និង​ការ​ស្គាល់​ពី​ប្រភេទ​អចលនទ្រព្យ និង​តម្រូវការ​ជាក់ស្ដែង ដើម្បី​គេចចេញ​ឱ្យ​ផុតពី​ហានិភ័យ” ។

អគ្គនាយក​ក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទ​ឌី ដែលជា​អ្នកវិនិយោគ​ក្នុង​វិស័យ​ដីធ្លី និង​ជា​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​តាម​តំបន់​ជាយក្រុង​ផងដែរ​នោះបាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា “គ្រប់ការ​វិនិយោគ​ទាំងអស់ គឺ​សុទ្ធតែ​អាច​ទទួលបាន​ប្រាក់ចំណេញ​ដូចគ្នា សំខាន់​ត្រង់​ថា តើ​គួរ​វិនិយោគ​លើ​ផ្នែក​អី ដែល​គ្មាន​ហានិភ័យ និង​អាច​ចំណេញ​បាន​ច្រើន ហើយ​ចំណាយពេល​តិច” ។

លោក​បាន​បន្តថា “ជាទូទៅ​គេ​តែង​និយាយថា ការទិញ​ផ្ទះ​សម្រាប់​វិនិយោគ​គឺ​មិនសូវមាន​ហានិភ័យ​នោះទេ ដោយហេតុថា ផ្ទះ​មាន​អត្រា​ឡើងថ្លៃ​ជា​រៀងរាល់ឆ្នាំ ហើយ​មនុស្ស​ក៏ត្រូវ​ការ​ផ្ទះ​សម្រាប់​ស្នាក់ បើ​មិនអាច​លក់​ចេញ​ក្នុងពេល​ដ៏​ខ្លី ក៏​ម្ចាស់ផ្ទះ​អាច​ជួល​ទទួលយក​ប្រាក់​ប្រចាំខែ​បានដែរ។ ការលើកឡើង​បែបនេះ ខ្ញុំ​មិនឱ្យ​ខុស​ទេ គឺ​ពិតជា​ត្រឹមត្រូវ ហើយ​ត្រូវ​សម្រាប់​ការគិត​របស់​ពួកគាត់” ។

លោក​បញ្ជាក់ថា “បើទោះជា​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ប៉ុន្តែ​បើជា​ទស្សនៈ​ផ្ទាល់​របស់ខ្ញុំ គឺ​ខ្ញុំ​គិតថា ការទិញ​ផ្ទះ​ទុក​វិនិយោគ​យកចំណេញ គឺមាន​ឱកាស​តិច​ណាស់ បើ​ប្រៀប​ជាមួយនឹង​ការទិញ​ដី​សម្រាប់​វិនិយោគ។ ដី​ដែល​ស្ថិតនៅ​ទីតាំង​ល្អ មាន​សក្ដានុពល ជាពិសេស​ក្នុង​តំបន់​ដែលមាន​ចរន្ត​វិស័យ​ឧស្សាហកម្ម ទោះ​យើង​មិន​លក់ ក៏​យើ​អាច​ទទួលបាន​ផលចំណេញ​ពី​ដី ហើយ​ចំណេញ​បាន២ក្នុងពេល​តែមួយ។ បើ​យើង​មិន​លក់​ក្នុងតម្លៃ​ទាប គឺ​យើង​អាច​ជួល​ទទួលយក​ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ ហើយ​ក្រៅពី​ចំណូល​ជួល តម្លៃ​ដី​ក៏​ឡើងថ្លៃ កាន់តែ​យូរ កាន់តែ​ថ្លៃ ដូច្នេះ​ខ្ញុំ​នៅតែ​មានជំនឿថា ការវិនិយោគ​ដី គឺ​នៅតែ​មានឱកាស​ទទួលបាន​ចំណេញ​ច្រើន” ។

ដោយឡែក លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នា​កើ​ងារ​អចលនទ្រព្យ Century21 Advance បាន​មានប្រសាសន៍ថា មិន​ថា​ការវិនិយោគ​ទៅលើ​ដីធ្លី ឬ​ការវិនិយោគ​ទៅ​លំនៅដ្ឋាន​នោះទេ គឺ​សុទ្ធតែ​មានឱកាស​ចំណេញ​ខ្ពស់​ដូចគ្នា។ លោក​បញ្ជាក់ថា “ឱ្យតែ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​សក្ដានុពល ទាំង​ការវិនិយោគ​ដីធ្លី ទាំង​ការវិនិយោគ​លំនៅដ្ឋាន​គឺអាច​ទទួលបាន​ចំណេញ ហើយ​ចំណេញ​រហ័ស​ទៀត អ្វីដែល​សំខាន់​គឺ​គ្រប់​ប្រភេទ​អចលនវត្ថុ​ដែល​ពួកគាត់​បាន​ទិញ ត្រូវ​ប្រាកដថា ជា​ទ្រព្យ​ស្របច្បាប់ មាន​ឯកសារ​បញ្ជាក់​ពី​កម្មសិទ្ធិ​ត្រឹមត្រូវ បានការ​ទ​ទួ​ស្គាល់​ពី​អជ្ញាធរ និង​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿង​វិវាទ​ដែល​មិនទាន់បាន​ដោះស្រាយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here