ដោយ ហ្សូលី
ភ្នំពេញ៖ ស្ថានភាពអចលនទ្រព្យនៅចុងឆ្នាំ ២០២០នេះ ហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ ដែលការផ្គត់ផ្គង់នៅតែមានកំណើនដដែល ដោយឡែកអ្នកជំនាញថា កាលណាតម្រូវការនៅតំបន់ណាមានកំណើន នោះតម្លៃអចលនទ្រព្យក៏កើនឡើងដែរ។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់គេហទំព័រ propertyarea.asia ថា ការប្រែប្រួលតម្លៃអចលនវត្ថុ វាស្ថិតទៅតាមតំបន់ ដូចជាតំបន់ខ្លះដែលមានលក្ខណៈដូចជា Commercial ឬហៅថាតំបន់ពាណិជ្ជកម្ម ច្បាស់ណាស់ថាតម្លៃនៅតំបន់នោះមានការហក់ឡើងខ្ពស់។
លោកស្រីបន្តថា ចំណែកឯតំបន់ខ្លះទៀតជាលក្ខណៈលំនៅដ្ឋាន ឬហៅថា Residence តម្លៃរបស់វាមានកំណើនទៅតាមកម្រិតរបស់វា។ សំខាន់គឺតំបន់ណាដែលមានតម្រូវការខ្ពស់ តម្លៃអចលនវត្ថុមានការហក់ឡើងខ្ពស់។
ប្រធានសមាគមរូបនេះពន្យល់ថា ហេតុផលត្រង់ថា កាលណាមានតម្រូវការ ត្រូវការចាំបាច់ ការផ្គត់ផ្គង់ក៏មានកម្រិតដែរ។ តម្លៃក៏ដូចគ្នា នៅពេលដែលអចលនវត្ថុនោះស្ថិតនៅក្នុងទីតាំងណាមួយដែលមានអតិថិជនត្រូវការចង់បានច្រើន នោះតម្លៃនឹងកើនឡើង។ យើងអាចកត់សម្គាល់បានថា តម្លៃនោះវាអាចឡើងខ្ពស់ បើប្រៀបធៀបជាមួយតំបន់ផ្សេងៗ តម្លៃអាចឡើងត្រឹម ៥ភាគរយ អញ្ចឹងបើតំបន់ដែលមានតម្រូវការខ្ពស់ វាអាចនឹងឡើងដល់ ៧ ភាគរយ ឬក៏ ១០ភាគរយ ជាដើម។
សរុបមកវិញ តំបន់ណាក៏អាចនឹងមានឱកាសឡើងដែរ គ្រាន់តែថាតម្លៃខ្លះវាឡើងតាមកម្រិតរបស់វា ឡើងតិច ឬឡើងច្រើនទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ដើម្បីយកមកវិនិយោគឬអភិវឌ្ឍសម្រាប់ធ្វើជាលំនៅដ្ឋាន ជាលក្ខណៈពាណិជ្ជកម្ម ឬជាលក្ខណៈតំបន់ឧស្សាហកម្ម ឬជាលក្ខណៈកសិកម្ម៕
ទន្ទឹមនេះ លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia ថា ក្នុងត្រីមាសទី៣នេះ យើងឃើញមានការសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យថ្មីៗជាច្រើន ជាពិសេសពីវិនិយោគិនក្នុងស្រុក ដោយផ្តោតសំខាន់លើគម្រោងលំនៅឋានគ្រប់ប្រភេទ ទាំងលំនៅឋាន នៅក្នុងបុរីលំនៅឋានជាប់ដី និងលំនៅឋានសហកម្មសិទ្ធិ (ខុនដូ)៕