ដោយៈ ម៉ាណា
ភ្នំពេញៈ ទីក្រុងរណបជ្រោយចង្វារ “ទីក្រុងនៃអនាគត”បាននិងកំពុងបង្ហាញសកម្មភាពអភិវឌ្ឍន៍យ៉ាងរសរវើក ស្របពេលដែលគំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនបាននិងកំពុងលេចរូបរាង។
តាមផែនការទីក្រុងនៃអនាគតទំហំជាង១០០ហិកតានេះ នឹងអភិវឌ្ឍន៍ឡើង ជាតំបន់ពាណិជ្ជកម្ម ដែលមានសភាពស្រដៀងគ្នានឹងតំបន់នៅស្របមហាវិថីព្រះមុនីវង្ស ជាមួយសកម្មភាព និងការអភិវឌ្ឍបែបចម្រុះ និងទាក់ទាញស្របតាមបរិបទនៃសេដ្ឋកិច្ច សង្គមបច្ចុប្បន្ន។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ថា អភិវឌ្ឍទីក្រុងរណបនេះ នឹងធ្វើតាមផែនការមេរបស់ខ្លួន ដោយគ្រោងចំណាយទឹកប្រាក់ ប្រមាណ៦០០០លានដុល្លារ ដើម្បីធ្វើឲ្យទីក្រុងរណបនេះ មានសភាពរសរវើក និងដំណើរការបានដោយរលូន។
លោកបន្តថា “យើងបានបញ្ចប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋភាគច្រើន ដែលបំពេញតាមតម្រូវការរបស់អ្នកអភិវឌ្ឍន៍នានា”។
ជាមួយគ្នានេះ កាលពីពេលថ្មីៗក្រុមហ៊ុនOCIC ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងនេះ បានប្រកាសលក់ដីឡូត៍បែបវីឡា និងដីឡូត៍សម្រាប់សាងសង់អាគារពាណិជ្ជកម្ម ដល់អ្នកអភិវឌ្ឍន៍នានា ដើម្បីរៀបចំគំរោងរបស់ពួកគេនាពេលអនាគតផងដែរ។
ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលមួយនៅកម្ពុជា ដោយក្រុមហ៊ុននេះ បានសាងសង់ទីក្រុងរណបច្រើនជាងគេនៅកណ្តាលរាជធានីភ្នំពេញ ដូចជា ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបនរា និងទីក្រុងរណបជ្រោយចង្វារ៕