ដោយៈ រ៉ាណេត
ភ្នំពេញៈ អរិយក្សត្រ គឺជាតំបន់ដែលស្ថិតនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍មួយចំនួនផងដែរ ជាពិសេសគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ និងជាឧបសគ្គគឺភាពខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធភ្ជាប់មកកាន់រាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន PREMUIM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅដ្ឋានផងដែរនោះបានមានប្រសាសន៍ថា នៅតំបន់អរិយក្សត្រ មានភាពល្អប្រសើរ ដែលអនុគ្រោះដល់ការស្នាក់នៅ ដោយសារតែមានដងទន្លេនៅអមសងខាង ផ្តល់ភាពត្រជាក់ និងមានខ្យល់អាកាសល្អ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាបុរីលំនៅដ្ឋានបែបទំនើបគឺនៅមានកម្រិតនៅឡើយ។
លោកបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់នេះ មានក្នុងទ្រង់ទ្រាយមធ្យមតែប៉ុណ្ណោះ បើសម្រាប់គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ក្នុងទ្រង់ទ្រាយធំរាប់រយខ្នងក្នុងមួយគម្រោងនោះហាក់មិនទាន់មានទេ” ។ លោកបន្តថា “ហេតុផលដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍គម្រោងធំៗមិនទាន់បោះជំហានចូល គឺដោយសារតែសណ្ឋានដីភាគច្រើនជាទំនាប និងលិចទឹក ដែលតម្រូវឱ្យចាក់ដីបំពេញច្រើនមុនពេលអភិវឌ្ឍន៍ រួមជាមួយនឹងការចំណាយទៅលើការរៀបចំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលត្រូវចំណាយថ្លៃដើមខ្ពស់។
ភាពខ្វះខាតនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះហើយ ដែលជាឧបសគ្គចម្បងសម្រាប់អ្នកអភិវឌ្ឍន៍ផងដែរ។
លោកម៉ាន់ ច័ន្ទឌី បានបន្តថា បច្ចុប្បន្ននេះយើងឃើញថា ការទិញ-លក់ដីធ្លីនៅទីនេះ គឺនៅតែបន្តមាន ប៉ុន្តែសម្រាប់អ្នកទិញក្នុងទ្រង់ទ្រាយធំ គឺទិញទុកសម្រាប់ត្រៀមអភិវឌ្ឍន៍ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាងសង់បន្ថែម ជាពិសេសការតភ្ជាប់ស្ពានពីតំបន់ស្វាយជ្រុំតភ្ជាប់តំបន់ជ្រោយចង្វារ។
លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kraty Realty Co,.Ltd បានមានប្រសាសន៍ថា បើមើលតាមភាពជាក់ស្ដែងនា ពេលបច្ចុប្បន្ននេះ នៅតំបន់អារិយក្សត្រ និងតំបន់ស្វាយជ្រុំ ហាក់មិនមានសកម្មភាពពុះខ្លាំង ដូចកាលពីជាងមួយឆ្នាំមុន ដែលក្រោយប្រមុខរដ្ឋាភិបាល ប្រកាសពីគម្រោងសាងសង់ស្ពាន និងគម្រោងអភិវឌ្ឍន៍ជាក្រុងរណបនោះទេ ដែលជាធម្មតានៅពេល ដែលមានគម្រោងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីនោះតែងមានភាពពុះកញ្ច្រោល។
លោកបន្តថា “ទោះជាមិនមានភាពពុះកញ្ជ្រោលខ្លាំង ប៉ុន្តែការទិញ-ការទិញលក់ដីធ្លីនៅតំបន់ខាងលើនេះ នៅតែបន្តមានគ្រាន់តែតម្លៃមិនថ្លៃខ្លាំងនោះទេ” ។ លោកបន្តថា “បច្ចុប្បន្ននេះ តម្លៃដីគឺមិនមានភាពស្មើគ្នានោះទេ ដែលវាអាស្រ័យទៅតាមទីកន្លែង ស្ថានភាពដី និងទំហំ ហើយតម្លៃនឹងនៅតែបន្តឡើងថ្លៃ សម្រាប់ថ្ងៃអនាគត ខណៈដែលមានមនុស្សកាន់តែច្រើនចូលទៅរស់នៅ” ៕