ដោយៈរ៉ាណេត
ភ្នំពេញៈ ក្រោយមានព័ត៌មានដែលបញ្ជាក់ថា ប្រធានាធិបតីប្រទេសកូរ៉េទទួលយកសំណើរសម្ដេចតេជោ ហ៊ុន សែន លើការជួយសាងសង់ស្ពានថ្មីឆ្លងទន្លេ តភ្ជាប់ពីខេត្តកណ្តាលមករាជធានីភ្នំពេញកាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យមានការលើកឡើងថា តម្លៃដីនៅតំបន់ត្រើយខាងកើត ជាពិសេសតំបន់អរិយក្សត្រមានការឡើងថ្លៃភ្លាម។
ជាមួយនឹងការនិយាយតគ្នា ពីបញ្ហានៃការឡើងថ្លៃតម្លៃដីនៅអរិយក្សត្រនេះ ប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកថា ការឡើងថ្លៃនៃតម្លៃដីនៅតំបន់ណាមួយ គឺអាស្រ័យទៅលើសកម្មភាពនៃការអភិវឌ្ឍន៍ ភាពមានតម្រូវការប្រើប្រាស់ដីចាំបាច់ និងជាក់ស្ដែង ដែលវាមិនមែនឡើងត្រឹមឮពីគម្រោង ប៉ុន្តែមិនមានរូបរាងនោះទេ។
លោកបញ្ជាក់ថា “ព័ត៌មាននេះខ្ញុំក៏បានឮគេផ្អើលនិយាយតគ្នាដែរ ប៉ុន្តែសម្រាប់ការឡើងថ្លៃនៃតម្លៃដី ដូចខ្ញុំបានលើកឡើងខាងលើ គឺមិនមែនចេះតែឡើងភ្លាមៗគ្រាន់តែឮមានគម្រោងអភិវឌ្ឍន៍នោះទេ” ។ លោកបន្តថា “និយាយជារួម ការវាយតម្លៃដីឡើងថ្លៃ ឬមិនឡើងថ្លៃ មិនមែនត្រឹមការនិយាយរបស់មនុស្សម្នាក់ដែលជាម្ចាស់ ឬសម្ដីរបស់ភ្នាក់ងារណាម្នាក់នោះទេ ប៉ុន្តែត្រូវមានការវាយតម្លៃពីអ្នកអាជីពត្រឹមត្រូវ ដោយផ្អែកទៅលើទឡ្ហីករណ៍ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត” ។
លោកបានបន្តថា អ្នកខ្លះគាត់ចង់លក់ដីគាត់បានថ្លៃខ្ពស់ គាត់ចេះតែបំប៉ោង ហើយភ្នាក់ងារខ្លះទៀត ដោយសារតែចង់បានកម្រៃជើងសារខ្ពស់ ឬអាចលក់ដីបានលឿនក៏ចេះតែនិយាយខុសក្រមសីលធម៌ ដែលទាំងអស់វាអាចនឹងជាចំណែកមួយ ធ្វើឱ្យការទិញលក់ដីធ្លីមានភាពរញ៉េរញ៉ៃកើតឡើង។
លោកបន្តថា តម្លៃដីនៅអរិយក្សត្របានកើនឡើងរួចទៅហើយ បើទោះជាមានគម្រោងសាងសង់ស្ពានពិតមែន ក៏មិនទាន់អាចឡើងខ្ពស់ភ្លាមៗ ដូចការនិយាយតគ្នានេះដែរ ដូច្នេះសម្រាប់អ្នកទិញក៏គួរពិចារណា និងស្វែងយល់ឱ្យបានច្បាស់ពីតម្លៃនៅលើទីផ្សាររួមក្នុងតំបន់មុនពេលសម្រេចចិត្តទិញ ឬអាចពឹងក្រុមហ៊ុនឬភ្នាក់ងារអាជីពស្របច្បាប់ណាមួយ ជៀសវាងការជួបភាពខាតបង់ដោយប្រការណាមួយ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍ថា ជាទូទៅម្ចាស់ដីឬអចលនទ្រព្យនៅកម្ពុជា ពិសេសនៅពេលដីធ្លីមានហាងឆេងម្ចាស់ដី តែងតែទារតម្លៃលើសតម្លៃទីផ្សារចន្លោះ ៣០ទៅ៥០ភាគរយ ឬ១០០ភាគរយក៏សឹងមាន ប៉ុន្តែតម្លៃពិតប្រាកដមិនមែនស្ថិតនៅលើម្ចាស់ដីចង់បាននោះទេ។
លោកបន្តថា “តម្លៃដីនៅលើទីផ្សារពិត គឺស្ថិតនៅលើតម្លៃដែលអ្នកទិញហ៊ានទិញ និងអ្នកលក់សម្រេចចិត្តលក់ មិនមែនតម្លៃទាមទារតាមតែការនឹកឃើញនោះទេ” ៕