ស្តាប់​អ្នកជំនាញធំៗពីររូប​លើកឡើង​ពី​ហេតុផល​នៃ​ការកើនឡើង​ឬ​ធ្លាក់ចុះ​នៃ​តម្លៃ​ដីធ្លី

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោយ​មាន​ព័ត៌មាន​ដែល​បញ្ជាក់ថា ប្រធានាធិបតី​ប្រទេស​កូរ៉េ​ទទួលយក​សំណើរ​សម្ដេច​តេ​ជោ ហ៊ុន សែន លើ​ការជួយ​សាងសង់​ស្ពាន​ថ្មី​ឆ្លងទន្លេ ត​ភ្ជាប់​ពី​ខេត្តកណ្តាល​មក​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុននេះ បានធ្វើ​ឱ្យមាន​ការលើក​ឡើង​ថា តម្លៃ​ដី​នៅ​តំបន់​ត្រើយ​ខាងកើត ជាពិសេស​តំបន់​អរិយ​ក្សត្រ​មានការ​ឡើងថ្លៃភ្លាម។

ជាមួយនឹង​ការនិយាយ​ត​គ្នា ពី​បញ្ហា​នៃ​ការ​ឡើងថ្លៃ​តម្លៃ​ដី​នៅ​អរិយ​ក្សត្រ​នេះ ប្រធាន​សមា​គ​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី​នៅ​តំបន់​ណាមួយ គឺ​អាស្រ័យទៅលើ​សកម្មភាព​នៃ​ការអភិវឌ្ឍន៍ ភាព​មាន​តម្រូវការ​ប្រើប្រាស់​ដី​ចាំបាច់ និង​ជាក់ស្ដែង ដែល​វា​មិនមែន​ឡើង​ត្រឹម​ឮ​ពី​គម្រោង ប៉ុន្តែ​មិនមាន​រូបរាង​នោះទេ។

លោក​បញ្ជាក់ថា “ព័ត៌មាន​នេះ​ខ្ញុំ​ក៏បាន​ឮ​គេ​ផ្អើល​និយាយ​ត​គ្នា​ដែរ ប៉ុន្តែ​សម្រាប់​ការឡើង​ថ្លៃ​នៃ​តម្លៃ​ដី ដូច​ខ្ញុំ​បានលើកឡើង​ខាងលើ គឺ​មិនមែន​ចេះតែ​ឡើងភ្លាមៗគ្រាន់តែ​ឮ​មាន​គម្រោង​អភិវឌ្ឍន៍​នោះទេ” ។ លោក​បន្តថា “និយាយ​ជារួម ការវាយតម្លៃ​ដី​ឡើងថ្លៃ ឬ​មិន​ឡើងថ្លៃ មិនមែន​ត្រឹម​ការនិយាយ​របស់​មនុស្ស​ម្នាក់​ដែលជា​ម្ចាស់ ឬ​សម្ដី​របស់​ភ្នាក់ងារ​ណា​ម្នាក់​នោះទេ ប៉ុន្តែ​ត្រូវមាន​ការវាយតម្លៃ​ពី​អ្នក​អាជីព​ត្រឹមត្រូវ ដោយ​ផ្អែកទៅលើ​ទឡ្ហីករណ៍​ពាក់ព័ន្ធផ្សេងៗជាច្រើន​ទៀត” ។

លោក​បាន​បន្តថា អ្នកខ្លះ​គាត់​ចង់ល​ក់ដី​គាត់​បាន​ថ្លៃ​ខ្ពស់ គាត់​ចេះតែ​បំប៉ោង ហើយ​ភ្នាក់ងារ​ខ្លះទៀត ដោយសារតែ​ចង់បាន​កម្រៃជើងសារ​ខ្ពស់ ឬ​អាច​លក់​ដី​បាន​លឿន​ក៏​ចេះតែ​និយាយ​ខុស​ក្រមសីលធម៌ ដែល​ទាំង​អស់វា​អាច​នឹង​ជា​ចំណែក​មួយ ធ្វើឱ្យ​ការទិញ​លក់​ដីធ្លី​មាន​ភាព​រញ៉េរញ៉ៃ​កើតឡើង។

លោក​បន្តថា តម្លៃ​ដី​នៅ​អរិយ​ក្សត្រ​បាន​កើនឡើង​រួចទៅហើយ បើទោះជា​មាន​គម្រោង​សាងសង់​ស្ពាន​ពិតមែន ក៏​មិនទាន់​អាច​ឡើង​ខ្ពស់ភ្លាមៗ ដូច​ការនិយាយ​ត​គ្នា​នេះដែរ ដូច្នេះ​សម្រាប់​អ្នកទិញ​ក៏​គួរ​ពិចារណា និង​ស្វែងយល់​ឱ្យបាន​ច្បាស់​ពី​តម្លៃនៅលើទីផ្សារ​រួម​ក្នុង​តំបន់​មុនពេល​សម្រេចចិត្ត​ទិញ ឬ​អាច​ពឹង​ក្រុមហ៊ុន​ឬ​ភ្នាក់ងារ​អាជីព​ស្របច្បាប់​ណាមួយ ជៀសវាង​ការជួប​ភាព​ខាតបង់​ដោយ​ប្រការ​ណាមួយ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ជាទូទៅ​ម្ចាស់​ដី​ឬ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​នៅពេល​ដីធ្លី​មាន​ហាងឆេង​ម្ចាស់​ដី តែងតែ​ទារ​តម្លៃលើស​តម្លៃ​ទីផ្សារ​ចន្លោះ ៣០ទៅ៥០ភាគរយ ឬ១០០ភាគរយ​ក៏សឹងមាន ប៉ុន្តែ​តម្លៃពិត​ប្រាកដ​មិនមែន​ស្ថិតនៅលើ​ម្ចាស់​ដី​ចង់បាន​នោះទេ។

លោក​បន្តថា “តម្លៃ​ដី​នៅលើ​ទីផ្សារ​ពិត គឺ​ស្ថិតនៅលើ​តម្លៃ​ដែល​អ្នកទិញ​ហ៊ាន​ទិញ និង​អ្នកលក់​សម្រេចចិត្ត​លក់ មិនមែន​តម្លៃ​ទាមទារ​តាមតែ​ការនឹកឃើញ​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here